សមត្ថកិច្ចនឹងចុះទៅឆែកតាមសាលារៀន និងទីសាធារណៈ ជនណារក្សាទុកដាវកាំបិតតាមខ្លួន និងប្រឈមមុខជាប់ពន្ធនាគារ

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសថា បណ្តាសិស្សសាលា ឬជនទំនើងទាំងឡាយណា ដែលមានការរក្សា ទុកដាវ ឬកាំបិតក្នុងខ្លួន ឬម៉ូតូ សមត្ថកិច្ចនឹងចាត់វិធាន ការទៅតាមផ្លូវច្បាប់ហើយ ដូច្នេះស្នើឱ្យអាណាព្យាបាល ចូលរួមតាមដាននិងត្រួតពិនិត្យកូនៗរបស់ខ្លួន ជៀសវាងការទទួលទោសទណ្ឌ ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បច្ចុប្បន្ននេះ សមត្ថកិច្ច ជំនាញបាននិងកំពុង បង្ក្រាប គឺផ្ដោតសំខាន់ទៅលើការកាន់កាប់ ប្រើប្រាស់អាវុធដោយខុសច្បាប់ ដូច្នេះការលួចលាក់ដាក់តាមម៉ូតូ ដែលបង្កឱ្យមានរបួសស្នាម រហូតដល់បាត់បង់ជីវិត គឺនឹងត្រូវ អនុវត្តតាមវិធានការច្បាប់ហើយ។ លោកបានបន្ថែមថា កន្លងមកសមត្ថកិច្ចជំនាញតែងតែធ្វើការបង្ក្រាប បានជាបន្ដបន្ទាប់ និងចុះត្រួតពិនិត្យនៅតាមសាលារៀន ហើយជាលទ្ធផលមិនទាន់ឃើញមានសិស្សានុសិស្ស ដាក់អាវុធតាមខ្លួននោះទេ។

ប៉ុន្តែទោះជាយ៉ាងណា អ្នកនាំពាក្យនគរបាលរាជធានីរូប នេះ សូមក្រើនរំលឹកទៅដល់សិស្សានុសិស្សថា ចាប់ពីពេលនេះទៅ សមត្ថកិច្ចនឹងចុះធ្វើរដ្ឋបាលនៅ សាលារៀន ហើយប្រសិនបើជាឃើញមានកាំបិត ដាវឬសម្ភារៈដែលបង្កឱ្យគ្រោះថ្នាក់ប៉ះពាល់ដល់ អាយុជីវិត ឬរបួសស្នាម គឺនឹងមានវិធានការអនុវត្តតាមផ្លូវច្បាប់ហើយ។ ទន្ទឹមនឹងនោះ អ្នកនាំពាក្យ នគរបាលរាជធានី ស្នើឱ្យអាណាព្យាបាលចូលរួមតាមដាន និងត្រួតពិនិត្យកូនៗរបស់ខ្លួនផង ជៀសវាង ទទួលការអនុវត្តទោស ទណ្ឌ ក្នុងករណីរកឃើញមានកាំបិត ដាវ ឬសម្ភារៈដែលបង្កឱ្យគ្រោះថ្នាក់។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ទៀតថា ដើមឆ្នាំ២០២៥នេះ ពោលគិតចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃ ទី០៧ ខែមករា សមត្ថកិច្ចបន្តបង្ក្រាបបទល្មើសអសន្តិសុខ១៣ករណី ឃាត់មនុស្ស៣១នាក់ ក្នុងនោះមាន ករណីក្មេងទំនើងបង្កហិង្សា០៥ ករណី ដែលភាគច្រើនសុទ្ធសឹង ជាមុខសញ្ញាក្មេងទំនើង មកពីតាម បណ្តាខេត្ត ជាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដូចជា ខេត្តកណ្តាល ខេត្តតាកែវ កំពង់ស្ពឺជាដើម ។

បើតាម ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី ភ្នំពេញបានឱ្យដឹងដែរថា ឆ្នាំ២០២៥ ស្នងការនគរបាលរាជធានីភ្នំពេញ បានប្តេជ្ញាបង្កើនសកម្មភាព ទ្វេដងក្នុងការបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបក្រុមក្មេងទំនើង ដើម្បីធានាសន្ដិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋជូនប្រជាពលរដ្ឋ។

ក្នុងនោះឯកឧត្តមឧត្តមសេនីយ៍ឯក បានដាក់បទបញ្ជាដល់ស្នងការរងទទួលការងារព្រហ្មទណ្ឌ ពិសេសទទួលដឹកនាំការងារបង្ក្រាបទប់ស្កាត់ ក្រុមក្មេងទំនើង ត្រូវចុះធ្វើបច្ចុប្បន្នភាពនៅតាមមូលដ្ឋានទាំងមុខសញ្ញាបង្ហោះម៉ូតូ ឬកែច្នៃមធ្យោបាយនានាដើម្បីជាចំណែកក្នុង ការអនុវត្ត បទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត៕