សមត្ថកិច្ចកម្ពុជា បញ្ជូនខ្លួនជនជាតិថៃដែលបាញ់អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ ឲ្យសមត្ថកិច្ចថៃ

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងប្រាប់បណ្តាញផ្សព្វផ្សាយក្នុងស្រុកថា ការចាត់បញ្ជូនជនសង្ស័យនេះ ធ្វើឡើងទៅតាមការស្នើសុំរបស់ភាគីថៃ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ខណៈបទល្មើសនេះបានកើតឡើងនៅក្នុងប្រទេសថៃ។

ជនសង្ស័យឈ្មោះ អេកាឡាក់ ភាណយ (Ekkalak Pheanou) ដែលត្រូវបានចាប់ខ្លួន នៅខេត្តបាត់ដំបង ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី០៨ ខែមករា ក្រោយរត់គេចចេញពីប្រទេសថៃ បន្ទាប់ពីបានបាញ់សម្លាប់លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ នៅទីក្រុងបាងកក ប្រទេសថៃ ត្រូវបានសមត្ថកិច្ចកម្ពុជា ប្រគល់ឱ្យសមត្ថកិច្ចថៃ នៅព្រឹកថ្ងៃទី១១ ខែមករាឆ្នាំ២០២៥នេះ។

អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា បន្ទាប់ពីហេតុការណ៍កើតឡើង សមត្ថកិច្ចថៃបានធ្វើការស្រាវជ្រាវ និងកំណត់អត្តសញ្ញាណ ជនសង្ស័យមានឈ្មោះ Ekkalak Pheanoi ជនជាតិថៃ កើតឆ្នាំ១៩៨៣ ជាអតីតនាវិកយោធា ស្នាក់នៅ ផ្ទះលេខ ៩៩៩ ផ្លូវសាប់វុធ សង្កាត់បាងណានឿ ខណ្ឌបាងណា ទីក្រុងបាងកក។ ក្រោយពេលធ្វើសកម្មភាព ជនសង្ស័យបានរត់គេចខ្លួនពីទីក្រុងបាងកក ធ្វើដំណើរឆ្ពោះមកកាន់ខេត្តជាប់ព្រំដែនប្រទេសកម្ពុជា។

បើតាមអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ  ផ្អែកតាមសំណូមពរស្នើសុំកិច្ចសហការ និងព័ត៌មានដែលបានផ្តល់ដោយនគរបាលភូមិន្ទថៃ នគរបាលជាតិកម្ពុជា បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតដល់នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៣:៥០នាទី សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរកឃើញ និងឃាត់ខ្លួន ជនសង្ស័យខាងលើ នៅចំណុចភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ជាការកត់សម្គាល់ ក្រោយករណីឃាតកម្មលើអតីតតំណាងរាស្ត្រអតីតបក្សប្រឆាំងនៅកណ្តាលទីក្រុងបាងកកនៃប្រទេសថៃនោះ មជ្ឈដ្ឋានអ្នកប្រឆាំងនៅកម្ពុជាបានផ្សព្វផ្សាយនិងចែករំលែកព័ត៌មានថា ករណីឃាតកម្មនោះ មានការពាក់ព័ន្ធនឹងរាជរដ្ឋាភិបាលក៏ដូចជាគណបក្សកាន់អំណាចនៅក្នុងប្រទេសកម្ពុជា។

យ៉ាងណាក៏ដោយ ការចោទប្រកាន់នោះ ត្រូវបានអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក បណ្ឌិត ទូច សុឃៈ ចេញមកអំពាវនាវឲ្យមហាជនរក្សាភាពស្ងៀមស្ងាត់និងរង់ចាំលទ្ធផលនៃចំណាត់ការនានារបស់អាជ្ញាធរថៃ។សម្រាប់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ការសន្និដ្ឋានណាមួយនាពេលនេះ អាចនឹងធ្វើឲ្យប៉ះពាល់ដល់នីតិវិធីក្នុងការដំណើរការសំណុំរឿង និងថា អាចជាការរំលោភទៅដល់ សាកសពរបស់ជនរងគ្រោះផងដែរ៕