សម្ដេចតេជោ ហ៊ុន សែន រម្លឹកកាលពី ៤៩ឆ្នាំមុន នៃជីវិតអាពាហ៍ពិពាហ៍ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានរម្លឹកកាលពី៤៩ឆ្នាំមុន នៃជីវិតអាពាហ៍ពិពាហ៍ជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (៥មករា១៩៧៦.៥មករា២០២៥)។

យោងតាមបណ្ដាញទំនាក់ទំនងសង្គម នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចតេជោ បានសរសេរថា ថ្ងៃនេះជាខួប៤៩ឆ្នាំនៃថ្ងៃរៀបការរបស់ខ្ញុំនិងភរិយា (៥មករា១៩៧៦.៥មករា២០២៥)។ ដោយមិនចង់សរសេរឡើងវិញ ខ្ញុំសូមចាក់ផ្សាយនូវការអានប្រវត្តិរបស់ខ្ញុំនិងភរិយា ពីការចាប់ផ្តើមនាឆ្នាំ១៩៧៣ដល់ឆ្នាំ១៩៧៩។ សម្ដេចតេជោបន្តថា ឆ្នាំ២០២៦ខាងមុខ នឹងឈានដល់ខួបលើកទី៥០ឆ្នាំ ខ្ញុំនឹងខិតខំសរសេរបន្ថែមនូវជីវិតគ្រួសារពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០២៦ បន្ថែមទៀតដែលផ្តោតសំខាន់លើការកសាងគ្រួសារពិសេសលើការអប់រំកូន និងចៅ។

គួរម្លឹកផងដែរថា ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ នេះ គឺជាខួបអាពាហ៍ពិពាហ៍ គម្រប់ ៤៩ឆ្នាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនបានរៀបការតាមបែបប្រពៃណី និងឱ្យគគ្រឹកគគ្រេងឡើយ ដោយសារតែកាលនោះគឺប្រជាជនកម្ពុជាកំពុងតែរងទុក្ខវេទនា ក្នុងសម័យរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ជីវិតប្តីប្រពន្ធរវាងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងសម័យ ប៉ុល ពត នោះគឺគ្មានឡើយសេចក្តីសុខ។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានតស៊ូរួមគ្នា ឆ្លងកាត់ការលំបាកជាច្រើនក្នុងសម័យខ្មែរក្រហមនោះ ប៉ុន្តែយ៉ាងណាលោកទាំងទ្វេមិនដែលបោះបង់គ្នាឡើយ៕