
ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញផែនការ៧ ចំណុច ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជនបទនៅឆ្នាំ២០២៥ ដើម្បីកាត់បន្ថយភាពក្រីក្រ ដែលជាការចូលរួមចំណែកក្នុងការអនុវត្តឱ្យបានជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជនបទ និងកាត់បន្ថយភាពក្រីក្រ នៅឆ្នាំ២០២៥ យើងត្រូវអនុវត្តយុទ្ធសាស្ត្រ៧ចំណុច ដូចខាងក្រោម៖
ទី១. ត្រូវខិតខំអនុវត្តនូវទិសដៅការងារដែលបានដាក់ចេញឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងឆ្នាំ ២០២៥
ទី២.ត្រូវចងក្រងឯកសារកម្មវិធីបណ្ដុះបណ្ដាលឱ្យបានច្បាស់លាស់ ជាពិសេសមេរៀនបទពិសោធជោគជ័យ ដើម្បីផ្សព្វផ្សាយ និងចែករំលែកដល់ប្រជាពលរដ្ឋផ្សេងទៀតសម្រាប់ការអនុវត្ត
ទី៣. ត្រូវជំរុញការចងក្រងសហគមន៍បន្ថែមទៀត

ទី៤. ត្រូវពង្រឹងការងារឥណទានជនបទឱ្យមានប្រសិទ្ធភាព ជាពិសេសនៅតាមភូមិគំរូ
ទី៥. ត្រូវបន្ដរៀបចំការតាំងពិព័រណ៍ផលិតផលជនបទ និងចូលរួមតាំងបង្ហាញសមិទ្ធផលជនបទក្នុងពិធីពិព័រណ៍ផ្សេងៗ
ទី៦. ត្រូវបន្តបណ្ដុះបណ្ដាលជំនាញមូលដ្ឋានបន្ថែម ជាពិសេសផ្ដោតលើជំនាញដែលអនុវត្តទទួលបានជោគជ័យនាពេលកន្លងមក
ទី៧. ត្រូវបន្ដបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយដៃគូអភិវឌ្ឍន៍, NGOs វិស័យឯកជន, សប្បុរសជន និងភាគីពាក់ព័ន្ធនានា ដើម្បីកៀរគរធនធាន ជួយជំរុញការងារពិពិធកម្មសេដ្ឋកិច្ចជនបទនេះឱ្យកាន់តែប្រសើរឡើង។

ឯកឧត្ដមរដ្ឋមន្រ្ដី បន្តថា បច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទ ២០២៤- ២០២៨ ដែលមានចក្ខុវិស័យ “កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” សំដៅធានាបាននូវកំណើនប្រាក់ចំណូលគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៤ ក្រសួងអភិវឌ្ឍន៍ជនបទ បានសាងសង់ផ្សារសហគមន៍ជនបទ ចំនួន៦កន្លែង និងបានបណ្តុះបណ្តាលជំនាញមូលដ្ឋាន បំណិនជីវិត ដល់ប្រជាពលរដ្ឋជនបទចំនួន ៥៦ ៤៤២ នាក់ ដើម្បីឱ្យប្រជាពលរដ្ឋបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលបន្ថែមក្រៅពីការធ្វើស្រែចម្ការ៕
Leave a Reply