
តាមបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ កងរាជអាវុធហត្ថចំនួន៣នាក់ ក្នុងនោះមានម្នាក់ជាមេបញ្ជាការរងអាវុធហត្ថខេត្តតាកែវ ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការឃាត់ខ្លួនទៅសាកសួរ ក្រោយជាប់ពាក់ព័ន្ធករណីគ្រឿងញៀន។

អាវុធហត្ថទាំង៣នាក់ ត្រូវបានឃាត់នាំយកទៅសាកសួរ ៖ ទី១ រសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ។ ទី២ អនុសេនីយ៍ទោ លុយ សារុំ នាយសេនាធិការមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ ។ ទី៣ អនុសេនីយ៍ត្រី ស៉ិន សុវណ្ណារិទ្ធ តួនាទីជំនួយការការិយាល័យគ្រឿងញៀនអាវុធហត្ថខេត្តតាកែវ។

បើតាមមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងថា កម្លាំងជំនាញអាវុធហត្ថលើផ្ទៃប្រទេសពិតជាបានឃាត់ខ្លួនអាវុធហត្ថ ទាំង៣នាក់ នាំទៅធ្វើការសួរនាំប្រាកដមែន ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា ការឃាត់ខ្លួននាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវ ចំនួន៣រូប កំពុងស្ថិតក្នុងការស៊ើបអង្កេត មិនទាន់បានបញ្ចប់នៅឡើយទេ ហេតុដូច្នេះមិនអាចផ្តល់ព័ត៌មានជាសាធារណៈនៅឡើងទេ កំពុងអនុវត្តនីតិវិធី ស៊ើបអង្កេតពាក់ព័ន្ធនឹងបទល្មើស៕


Leave a Reply