
ករណីឃាតកម្មសម្លាប់ជនជាតិចិនច្រកចូលវ៉ាលីផ្លុងចោលក្នុងបន្ទប់ផ្ទះសំណាក់ កាលពីរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តឧត្តមានជ័យបានធ្វើការឃាត់ខ្លួនជនសង្ស័យជាឃាតករបានហើយ។

សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ WENG SHANCHI ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន នៅច្រកទ្វារអន្តរជាតិអូរស្មាច់ព្រំដែនកម្ពុជា-ថៃ ដែលជនជាឃាតករបម្រុងឆ្លងដែនគេចខ្លួន។

ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពថា រូបគេបាញ់ជនរងគ្រោះឈ្មោះ A Xiang ជនជាតិចិន អាយុ៣០ឆ្នាំ ដែលជាមិត្តភក្តិនឹងគ្នា ដោយខឹងជនរងគ្រោះបង្ខំឲ្យរូបគេបាញ់លុយចំនួន៣០០ដុល្លារអាមេរិក ដើម្បីយកទៅទិញថ្នាំញៀន តែខ្លួនមិនព្រមបាញ់ឲ្យ ព្រោះជនរងគ្រោះនៅជំពាក់រូបគេប្រមាណ ៣០០០០ដុល្លារ នៅមិនទាន់សង។

ដោយខឹងទប់ចិត្តមិនបាន រូបគេសម្រេចក៏ធ្វើសកម្មភាពដោយប្រើកាំភ្លើងខ្លីបាញ់ជនរងគ្រោះ១គ្រាប់ និងយកកាំបិតចុងស្រួចចាក់បន្ថែម រួចអារសន្លាក់ជើង បត់ញាត់ចូលវ៉ាលីស ច្រកទុកចោលវ៉ាលីរួចរត់គេងខ្លួនតែម្ដង។

សូមរំលឹកថា ករណីឃាតកម្មនេះបានកើតឡើង កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅបន្ទប់ជួលលេខ៨១០៣ ក្នុងតំបន់សេដ្ឋកិច្ចពិសេសសានកូ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕
Leave a Reply