សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ សុខសន្ដិភាព និងស្ថេរភាពនយោបាយ គឺជាកត្តាចម្បងធំបំផុត ធ្វើឱ្យកម្ពុជាទទួលជោគជ័យ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាធំៗ

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា ដោយសារតែកត្តាសុខសន្ដិភាព និងស្ថេរភាពនយោបាយ ទើបធ្វើឱ្យកម្ពុជាអាចទទួលបានជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍កីឡាធំៗ។

ប្រសាសន៍របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីរួមជាមួយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត នៃការប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ទៀតថា ភាពជោគជ័យនេះ មិនជារឿងចៃដន្យនោះទេ ដូច្នេះហើយប្រជាពលរដ្ឋកម្ពុជា ត្រូវតែបន្ដថែរក្សាសុខសន្ដិភាព ស្ថេរភាពនយោបាយ ដែលបានកើតឡើងក្នុងរយៈពេលប៉ុន្មានទសវត្សមកនេះ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា «ពិតណាស់ជោគជ័យរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាទាំងនេះ ពុំមែនកើតឡើងដោយចៃដន្យនោះទេ, ប៉ុន្តែគឺអាស្រ័យដោយកត្តាចម្បងធំបំផុត គឺសុខសន្តិភាព និង ស្ថិរភាពនយោបាយ ដែលយើងសម្រេច និង ថែរក្សាបានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ»។

បើតាមប្រសាសន៍របស់ សម្ដេចមហាបវរធិបតី , បើសិនជាកម្ពុជា គ្មានសន្តិភាព សូម្បីតែសមាជិកភាពរបស់កីឡាកម្ពុជាក្នុងកីឡាអូឡាំពិក ដែលកម្ពុជាជាសមាជិកតាំងពីឆ្នាំ១៩៥៦ ក៏ត្រូវបានផ្អាកពីឆ្នាំ១៩៧០ដល់ឆ្នាំ១៩៩៤ ពេលដែលកម្ពុជា មានសង្រ្គាមសមាជិកភាពនេះ ក៏ត្រូវបានផ្អាកផងដែរ៕