ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចេញសេចក្ដីបំភ្លឺជុំវិញហេតុការណ៍សមត្ថកិច្ចបាញ់រះទៅលើរថយន្តបណ្ដាលឲ្យប្រជាពលរដ្ឋរងរបួសនៅចំណុចកអណ្ដើក ខេត្តព្រៃវែង

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បានចេញសេចក្ដីបំភ្លឺជុំវិញហេតុការណ៍សមត្ថកិច្ចបាញ់រះទៅលើរថយន្តបណ្ដាលឲ្យប្រជាពលរដ្ឋរងរបួសនៅចំណុចកអណ្ដើក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង គឺកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចុះប្រតិបត្តិការបង្ក្រាបបទល្មើសចាប់ជំរិត ស្ថិតនៅក្នុងទឹកដីខេត្តស្វាយរៀង។ ពេលធ្វើដំណើរពីរាជធានីភ្នំពេញ ទៅដល់ទីរួមខេត្តស្វាយរៀង កម្លាំងប្រតិបត្តិការបានប្រទះឃើញរថយន្តមួយគ្រឿងម៉ាក ស្តារិច ពណ៌ស មានភិនភាគដូចនឹងភិនភាគរថយន្តរបស់ជនល្មើសចាប់ជំរិតទារប្រាក់ដែលកម្លាំងភ្នាក់ងារសម្ងាត់បានផ្តល់ជូន ទើបកម្លាំងជំនាញបានធ្វើការស្ទាក់រថយន្តនោះតែម្ដង។

ប៉ុន្តែរថយន្តស្តារិចរង់គ្រោះខាងលើ មិនព្រមឈប់នោះទេ រហូតមកដល់ចំណុចកើតហេតុ ត្រង់ចំណុចកអណ្ដើក ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង កម្លាំងសមត្ថកិច្ចបានកាក់រថយន្តសង្ស័យជាប់។ សមត្ថកិច្ចបានចុះព័ទ្ធរថយន្តសង្ស័យ រួចគោះទ្វារ ស្រែកឲ្យម្ចាស់រថយន្ត និងអ្នកនៅក្នុងរថយន្តទាំងអស់ចេញក្រៅ ស្រាប់តែរំពេចនោះ តៃកុងរថយន្ត បានបើកថយក្រោយបុករថយន្តរបស់ កម្លាំងសមត្ថកិច្ច គោលបំណងដើម្បីបើកគេចចេញពីកន្លែងកើតហេតុ ទើបសមត្ថកិច្ចសម្រេចចិត្ត បាញ់រះទៅលើរថយន្តសង្ស័យ បណ្ដាឲ្យគ្រាប់ផ្លាតទៅចំប្រជាពលរដ្ឋក្បែរនោះរងរបួសធ្ងន់ម្នាក់ និងអ្នកនៅក្នុងរថយន្តរបួសដៃម្នាក់។

សូមបញ្ជាក់ថា ជុំវិញហេតុការណ៍ផ្ទុះអាវុធទៅលើរថយន្តសង្ស័យខាងលើដែលបណ្ដាលឲ្យមានប្រជាពលរដ្ឋរងរបួស កម្មាំងនគរបាលព្រហ្មទណ្ឌដែលចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេះបានទទួលស្គាល់កំហុស។ ប៉ុន្តែស្នងការដ្ឋាននគបាលខេត្តព្រៃវែងស្នើឲ្យសារព័ត៌មាន និងសាធារណៈជនមួយចំនួនដែរមានការយល់ច្រឡំនឹងបានផ្សព្វផ្សាយមួរបង្កាច់សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងសូមធ្វើការកែសម្រួលជាបន្ទាន់៕