មនុស្សជាង៥០នាក់ ពុលចំណីចូលមន្ទីរពេទ្យ ក្រោយញ៉ាំសាំងវិចពីហាងដ៏ល្បីមួយក្នុងខេត្តសីហនុ

មនុស្សប្រុសស្រីក្មេងចាស់ជាង៥០នាក់ រួមទាំងមន្ត្រីនៃរដ្ឋបាលក្រុងព្រះសីហនុ បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីញុាំអាហារសម្រន់ នំសាំងវិចពីហាងសំពៅមាស ដែលជាហាងដ៏ល្បីមួយនៅក្នុងក្រុងព្រះសីហុន។

លោកស្រី ឈុន ដារី អភិបាលរងក្រុងព្រះសីហនុ បានឱ្យដឹងថា លោកស្រីក៏ស្ថិតក្នុងចំណោមអ្នករងគ្រោះ ដែលបានពុលចំណីនេះដែរ ហើយលោកស្រីកំពុងឈឺរាគរុស សម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេលពីរថ្ងៃហើយ។

ក្រោយការបែកធ្លាយព័ត៌មានជុំវិញរឿងមនុស្សប្រុសស្រីក្មេងចាស់ជាង៥០នាក់ រួមទាំងមន្ត្រីសាលាក្រុងព្រះសីហនុ មានអាការៈរាគ ក្អួត ស្ទើគ្រប់គ្នា ក្រោយពីចូលរួមកិច្ចប្រជុំកាលពីរសៀលថ្ងៃព្រហស្បតិ៍ទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ ភាគច្រើនសុទ្ធតែបានញ៉ាំនំសាំងវិញ ដែលសាលាក្រុងបានកម្មង់ពីហាងសំពៅមាស មកធ្វើជាអាហារសម្រន់សម្រាប់កម្មវិធីប្រជុំ។

សូមបញ្ជាក់ថា អ្នកជំនាញផ្នែកសុខភាពបានប្រមូលសំណាកនំសាំងវិចមកវិភាគដើម្បីកំណត់អត្តសញ្ញាណសារធាតុបណ្តាលធ្វើឱ្យពុលមនុស្សជាច្រើននាក់ខាងលើនេះ។ លទ្ធផលនៃការធ្វើពិសោធន៍នេះត្រូវបានរំពឹងទុកយ៉ាងអន្ទះសា ខណៈអាជ្ញាធរកំពុងស៊ើបអង្កេតលើបញ្ហានេះ៕