ចិននៅតែបន្តផ្តល់ជំនួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តជនបទ និងទឹកស្អាតនៅកម្ពុជា 

ក្នុងឱកាសជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលចិន នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត ដោយបន្តផ្តល់ជំនួយក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅជនបទ និងទឹកស្អាតនៅកម្ពុជា។

ឯកអគ្គរដ្ឋទូតចិន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទដែលប្រែក្លាយតំបន់ជនបទឱ្យមានភាពរីកចម្រើនតាមរយៈការកាត់បន្ថយភាពក្រីក្រ។

ឯកអគ្គរដ្ឋទូតចិនបន្តថា តាមរយៈចំណងមិត្តភាពដ៏យូរអង្វែងជាមួយកម្ពុជា ភាគីចិត្តនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត ដោយបន្តផ្តល់ជំនួយក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅជនបទ ការផ្គត់ផ្គង់ទឹកស្អាតជនបទ និងជួយក្នុងការអភិវឌ្ឍភូមិគំរូនៅកម្ពុជាបន្ថែមទៀត។

សូមបញ្ចាក់ដែរថា គិតមកដល់បច្ចុប្បន្ននេះ ចិនបានរួមចំណែកជួយដល់កម្ពុជាក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសរុបប្រមាណជាង ៣ពាន់លានដុល្លារ និងសាងសង់ខ្សែផ្លូវប្រវែងសរុបប្រមាណជិត ៤ពាន់គីឡូម៉ែត្រ រួមទាំងស្ពានធំៗសរុបប្រមាណ ១៦ស្ពាន ប្រវែងសរុបប្រមាណជាង ១៤ពាន់ម៉ែត្រ៕