
មន្ទីរពិសោធន៍ DNA ដំបូងគេរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត បានឲ្យដឹងថា មន្ទីរពិសោធន៍នេះត្រូវបានបង្កើតឡើង ក្រោមកិច្ចសហការស្អិតរមួតរវាងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ជាមួយការិយាល័យសម្របសម្រួលការអនុវត្តច្បាប់កម្ពុជា-ចិន និងដោយទទួលបានការគាំទ្រពីមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ «មេគង្គ-ឡានឆាង»។

មន្ទីរពិសោធន៍ DNA នេះមានតួនាទីយ៉ាងសំខាន់ ក្នុងការជួយជួយកំណត់ ឬបញ្ជាក់អត្តសញ្ញាណរបស់ជនល្មើស និងជនរងគ្រោះ, ជួយបញ្ជាក់នូវទំនាក់ទំនងរវាងជនល្មើស និងទីកន្លែងកើតហេតុ, ជួយកំណត់នូវទំនាក់ទំនងសាច់ញាតិ ឬឪពុកម្តាយបង្កើត, ជួយពន្លឿនក្នុងការស៊ើបអង្កេតចំពោះបទល្មើសព្រហ្មទណ្ឌ, កំណត់នូវភស្តុតាងជាលក្ខណៈវិទ្យាសាស្ត្រសម្រាប់វិស័យយុត្តិធម៌, ជួយសម្រួលក្នុងការកាត់បន្ថយនូវការចោទប្រកាន់ដែលគ្មានភស្តុតាងដាក់បន្ទុក និងជួយសម្រួលដល់ការសម្រេចសេចក្ដីរបស់ស្ថាប័នតុលាការជាដើម៕



Leave a Reply