តុលាការសម្រេចផ្ដន្ទាទោសទណ្ឌិត ស្រី ស៊ីណា ដាក់ពន្ធនាគារ ៣១ឆ្នាំ និងត្រូវបង់សងជំងឺចិត្តគ្រុមគ្រួសារអ្នកស្លាប់ និងអ្នករបួស២លាន៥០មុឺនដុល្លា 

ទណ្ឌិត ស្រី ស៊ីណា ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ ៣១ឆ្នាំ និងបង្គាប់ឱ្យបង់សងជំងឺចិត្តជូនក្រុមគ្រួសារជនរងគ្រោះឡុង លីសុង ១លានដុល្លារ គ្រួសារជនរងគ្រោះ ឃីន កញ្ចនា ១លានដុល្លារ និងសងសំណងដល់អ្នករងរបួសចំនួន២នាក់ចំនួន៥០ម៉ឺនដុល្លារ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤។

ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ កាលពី ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ បានបើកសវនាការជំនុំជម្រះលើ សំណុំរឿងព្រហ្មទណ្ឌចំនួន ០៣ពាក់ព័ន្ធនឹងជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ៖ សំណុំរឿងទី១. ពីបទឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត, សំណុំរឿងទី២. ពីបទ ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយ គ្មានការអនុញ្ញាត និងសំណុំរឿងទី៣. ពីបទ រំលោភលើលំនៅឋាន។ ក្រោយពីបានធ្វើកិច្ចពិភាក្សាដេញដោលលើ ជនជាប់ចោទ ភាគីពាក់ព័ន្ធ និងបានពិនិត្យភស្តុតាង អង្គហេតុ និងអង្គច្បាប់ ក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសជា សាធារណៈនូវសាលក្រមព្រហ្មទណ្ឌ នៃសំណុំរឿងទាំង៣ ខាងលើ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ មានដូចខាងក្រោម៖

ទី១. សាលក្រមព្រហ្មទណ្ឌលេខ ១៣៥២ ក្រ” “ជ១” បានសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ ៥១ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ១៥ ឆ្នាំ និងពិន័យជាប្រាក់ចំនួន២លានរៀល ពីបទឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត បទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ១៩៩ ក្រមព្រហ្មទណ្ឌ និងមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ ជាតិផ្ទុះ និងគ្រាប់រំសេវ និងបានបង្គាប់ឱ្យឈ្មោះ ស្រី ស៊ីណា សងសំណងជម្ងឺចិត្តចំនួន ១លាន ដុល្លារអាមេរិក ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ម៉ាំង បូណា ត្រូវជាឪពុកជនរងគ្រោះឈ្មោះ ឃីន កញ្ចនា ដែលបានស្លាប់ និងបង្គាប់ឱ្យសងសំណងជម្ងឺចិត្តចំនួន ១លានដុល្លារអាមេរិកទៀត ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ជា អញ្ជលី ត្រូវជាម្តាយជនរងគ្រោះឈ្មោះ ឡុង លីសុង ដែលបានស្លាប់។

ទី២. សាលក្រមព្រហ្មទណ្ឌលេខ លេខ ១៣៥ ៣៥៣ ក្រ”ជ១” បានសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ដាក់ពន្ធនាគាររយៈពេល ១៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២លាន រៀល ពីបទប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត បទល្មើស ព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ២៧ មាត្រា ១៩៩ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជានិងមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ និងបានបង្គាប់ឱ្យឈ្មោះ ស្រី ស៊ីណា សងសំណងជម្ងឺចិត្តចំនួន ៣០ម៉ឺនដុល្លារអាមេរិក ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ សុខុម ចរណៈ ដែលជាអ្នករងរបួស និងចំនួន ២០ម៉ឺនដុល្លារអាមេរិក ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ហុង រិទ្ធារ័ក្ស ដែលជាអ្នករងរបួស។

ទី៣. សាលក្រមព្រហ្មទណ្ឌលេខ ៥២៣០ “ជ១” បានសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ដាក់ពន្ធនាគាររយៈពេល ០១ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២លានរៀល ពីបទ រំលោភលើលំនៅឋាន បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោស តាមមាត្រា ២៩៩ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងបានបង្គាប់ឱ្យឈ្មោះ ស្រី ស៊ីណា សងសំណង ជម្ងឺចិត្តចំនួន ៥ម៉ឺនដុល្លារអាមេរិក ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ជា អញ្ជលី ត្រូវជាម្តាយ ម្ចាស់ផ្ទះ។

សូមរម្លឹកថា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០៣រសៀល ឈ្មោះ ស្រី ស៊ីណា បានទៅទីតាំងផ្ទះជនរងគ្រោះ ឈ្មោះ ឡុង លីសុង ស្ថិតនៅខណ្ឌ ច្បារអំពៅ ដើម្បីសួរនាំរឿងជម្លោះទាក់ទងនឹងរឿងកាប់មែកស្វាយ, វាយកម្ទេចជើងផ្កា និងរឿងដាក់ស្នូខោអាវ ជាមួយឈ្មោះ សាន ស្រីពេជ្រ ដែលជាអ្នកជួលផ្ទះពីឈ្មោះ ស្រី ស៊ីណា និងជាអ្នកជិតខាងឈ្មោះ ឡុង លីសុង។ ពេលទៅដល់, ជនល្មើសបានដើរចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះ ហើយមានការជជែកគ្នា និងបានឈានដល់ មានជម្លោះពាក្យសម្តីនឹងគ្នា ហើយឈ្មោះ ស្រី ស៊ីណា ក៏បានដកកាំភ្លើងខ្លីដែលសៀតនៅចង្កេះ បញ្ចូលគ្រាប់ បាញ់ប្រហារជាច្រើនគ្រាប់ទៅលើជនរងគ្រោះបណ្តាលឱ្យឈ្មោះ ឡុង លីសុង ភេទប្រុស ស្លាប់នៅកន្លែង កើតហេតុ និងឈ្មោះ ឃីន កញ្ចនា ភេទស្រី បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ក្នុងពេលនោះដែរ, ឈ្មោះ ស្រី ស៊ីណា ក៏បានបាញ់ទៅលើមនុស្សប្រុស ២នាក់ទៀតជាច្រើនគ្រាប់ បណ្តាលឱ្យម្នាក់រងរបួសដៃ និងម្នាក់ទៀតរងរបួសជើង៕