កម្ពុជា ជាប់ឆ្នោតជាសមាជិក នៃគណៈកម្មាធិការចាត់តាំង នៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦

ភ្នំពេញ ៖ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសជម្រាបអំពីការជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការ ចាត់តាំង នៃគណៈកម្មាធិការកសាងសន្តិភាពអង្គការសហប្រជាជាតិ (អ.ស.ប.) សម្រាប់អាណត្តិ ២០២៥-២០២៦ ដែលបានសម្រេចក្នុងសម័យប្រជុំពេញអង្គលើកទី៥៤ នៃមហាសន្និបាតអ.ស.ប. នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងញូវយ៉ក។

នេះគឺជាសមិទ្ធផលដ៏សំខាន់មួយ បញ្ជាក់អំពី ការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួនរបស់កម្ពុជា ចំពោះសន្តិភាពពិភពលោក ស្ថិរភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាព។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា គណៈកម្មាការកសាងសន្តិភាព (PBC) គឺជាស្ថាប័នប្រឹក្សារបស់អង្គការសហប្រជាជាតិ ដែលជួយដល់ប្រទេសដែលឆ្លងកាត់សង្គ្រាម និងជម្លោះ ឈានទៅរកសន្តិភាព។

ការជាប់ឆ្នោតរបស់ កម្ពុជាក្នុងស្ថាប័នដ៏សំខាន់នេះ បានឆ្លុះបញ្ចាំងអំពីការគាំទ្រ និងទំនុកចិត្តយ៉ាងមុតមាំរបស់សហគមន៍ អន្តរជាតិចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងតួនាទីដែលកំពុងរីកលូតលាស់របស់កម្ពុ ក្នុងវិស័យការទូត និងការកសាងសន្តិភាព។ ក្នុងនាមជាប្រទេសដែលស្រឡាញ់ និងផ្សព្វផ្សាយអំពី សារៈសំខាន់នៃសន្តិភាព កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងប្រតិបត្តិការថែរក្សាសន្តិភាពពិភពលោក៕