សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់បង្ក្រាបបទល្មើសបច្ចេកវិទ្យា

កំពង់ចាម ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកបទល្មើសបច្ចេកវិទ្យាជាបញ្ហាសកល និងណែនាំសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់បង្ក្រាបបទល្មើសនេះផងដែរ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាស ខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែក បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «រឿងបច្ចេកវិទ្យាចឹងមែន សូមកុំចាញ់បោកតាមអនឡាញ ហើយរឿងឲ្យខ្ចីប៊ុលតាមអនឡាញ សូមធនាគារជាតិ ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពិនិត្យមើលរឿងនេះ និងប្រយត្នប្រយែង ហើយនេះមិនមែនបញ្ហាតែកម្ពុជានោះទេ នេះគឺជាបញ្ហាធំណាស់ ប្រទេសមហាអំណាចក៏ពិបាកទប់ទល់រឿងបច្ចេកវិទ្យាអនឡាញនេះដែរ»។

សម្ដេចមហាបវរធិបតី ហ៊ុន លើកឡើងទៀតថា បច្ចុប្បន្នមិនថាក្មេង ឬចាស់គឺមាន Smart phone ប្រើសឹងគ្រប់គ្នា ដូច្នេះសូមប្រជាពលរដ្ឋមានភាពម្ចាស់ការ និងប្រុងប្រយត្នទាំងអស់គ្នាចំពោះបញ្ហាបច្ចេកវិទ្យា។ ទន្ទឹមនេះបច្ចេកវិទ្យាគឺជាប្រព័ន្ធ និងមានច្រើនណាស់។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឱ្យដឹងថា ទៅថ្ងៃខាងមុខ រាជរដ្ឋាភិបាល នឹងរៀបចំចងភ្ជាប់ប្រព័ន្ធទិន្នន័យ របស់ស្ថាប័នរដ្ឋជាមួយគ្នា ដើម្បីបង្កភាពងាយស្រួលក្នុងការទាញយកព័ត៌មាន៕