សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយលោក អាគីបា តាខេអូ ទីប្រឹក្សាសន្តិសុខជាតិ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានសន្តិសុខជាតិជប៉ុន នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីជជែកពិភាក្សាគ្នាអំពីបញ្ហាសន្តិសុខក្នុងតំបន់ ខណៈស្ថានភាពកាន់តែមានភាពតានតឹង។

សម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជានឹងគាំទ្រចំពោះយុទ្ធសាស្រ្ត និងគំនិតផ្តួចផ្តើមទាំងឡាយណាដែលបម្រើឱ្យកិច្ចសហប្រតិបត្តិការដើម្បីសុខសន្តិភាពតំបន់ ដោយមិនគាំទ្រឡើយ ចំពោះយុទ្ធសាស្រ្តដែលបម្រើឱ្យមានការប្រឆាំងគ្នាក្នុងតំបន់។
លោក អាគីបា តាខេអូ បានជម្រាបសម្តេចតេជោ អំពីការពិនិត្យឡើងវិញនូវយុទ្ធសាស្រ្តសន្តិសុខជាតិរបស់ជប៉ុន ដែលធ្វើឡើងដើម្បីឱ្យស្របទៅតាមការវិវឌ្ឍសភាពការណ៍របស់តំបន់។ យុទ្ធសាស្រ្តនេះ នឹងផ្តោតទៅលើការពង្រឹងកិច្ចសន្ទនាបែបស្ថាបនាជាមួយប្រទេសដៃគូ និងប្រទេសមហាអំណាចធំៗ ពិសេសជាមួយប្រទេសចិនតែម្ដង។ ជប៉ុនប្ដេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក៏ដូចជាជាមួយអាស៊ាន និងបណ្តាប្រទេសមហាអំណាចនានា ដើម្បីស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។

ជាការឆ្លើយតបនឹងការលើកឡើងរបស់ភាគីជប៉ុន សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ពីតម្លៃសន្តិភាព ដែលជាមូលដ្ឋានគ្រឹះបម្រើឱ្យការសម្រេច និងការបន្តការអភិវឌ្ឍសង្គមជាតិ។ ការពិនិត្យឡើងវិញយុទ្ធសាស្រ្តសន្តិសុខជាតិរបស់ជប៉ុន សម្តេចតេជោ ថា មិនខុសគ្នាអំពីទស្សនទានរបស់កម្ពុជាទេ ព្រោះប្រទេសទាំងពីរមានបំណងប្រាថ្នាពង្រឹងសន្តិភាពដូចគ្នា។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា «បើគ្មានសន្តិភាពនោះទេ យើងមិនចាំចាច់និយាយពីបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងការអភិវឌ្ឍនោះឡើយ»។
សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ជប៉ុននៅក្នុងតំបន់ ខណៈប្រទេសជាច្រើនក្នុងតំបន់បានចាត់ទុកជប៉ុន ជាដៃគូល្អ និងបានគិតគូរអំពីផលប្រយោជន៍របស់ប្រទេសនានាក្នុងតំបន់ រួមទាំងការគោរពមជ្ឈភាពអាស៊ាន។ ក្នុងន័យនេះ សម្តេចតេជោលើកឡើងពីការគាំទ្ររបស់កម្ពុជាចំពោះយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហរបស់ជប៉ុន។

សម្តេចតេជោ បានលើកឡើងថា ដោយសារការមិនជឿទុកចិត្តគ្នារវាងប្រទេសធំៗ និងការលូកដៃជ្រុលរបស់ប្រទេសខាងក្រៅទៅក្នុងកិច្ចការតំបន់។ ការណ៍នេះបានធ្វើឱ្យប្រទេសនីមួយៗខិតខំពង្រឹងសមត្ថភាពយោធាខ្លួន ពោលគឺប្រណាំងផ្នែកសព្វាវុធតែម្ដង។ បរិបទនេះ សម្តេចតេជោ បានលើកទឹកចិត្តឱ្យមានកិច្ចសន្ទានាឱ្យបានច្រើនរវាងជប៉ុន និងចិន ដើម្បីបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក។

មុននឹងបញ្ចប់កិច្ចសន្ទនា សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ពីតម្លៃសន្តិភាព ដែលជាមូលដ្ឋានគ្រឹះបម្រើឱ្យការសម្រេច និងការបន្តការអភិវឌ្ឍសង្គមជាតិ។ ការពិនិត្យឡើងវិញយុទ្ធសាស្រ្តសន្តិសុខជាតិរបស់ជប៉ុន សម្តេចតេជោ ថា មិនខុសគ្នាអំពីទស្សនទានរបស់កម្ពុជាទេ ព្រោះប្រទេសទាំងពីរមានបំណងប្រាថ្នាពង្រឹងសន្តិភាពដូចគ្នា។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា «បើគ្មានសន្តិភាពនោះទេ យើងមិនចាំចាច់និយាយពីបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងការអភិវឌ្ឍនោះឡើយ»៕
Leave a Reply