លោក វណ្ណថាន ចេញបកស្រាយហើយ រឿងនារីម្នាក់ចោទប្រកាន់ថាលោកបៀតបៀនផ្លូវភេទ ថែមទាំងចាត់វិធានការតាមផ្លូវច្បាប់ទៀតផង

លោក លោក វណ្ណថាន ជាតារាចម្រៀងល្បីល្បាញមួយរូបដែលមហាជនបានស្គាល់ ថ្មីៗនេះមាននារីម្នាក់បានចោទប្រកាន់មកលើរូបលោកថាបាទបៀតបៀនផ្លូវភេទ ថែមទាំងបានចម្លងជំងឺដ៏កាចសាហាវ ខណៈនេះលោកបានចេញមុខមកបកស្រាយហើយថែមទាំងចាត់វិធានការតាមផ្លូវច្បាប់ទៅលើនារីរូបនោះថែមទៀតផង។

យោងតាមលិខិតបំភ្លឺជាសាធារណៈដែលបានបង្ហោះតាមបណ្តាញសង្គមតារាចម្រៀងលោក វណ្ណថាន បានលើកឡើងថា ក្នុងសប្តាហ៍កន្លងមកនេះ គឺជាពេលដ៏ពិបាក និងគួរឲ្យអាម៉ាស់បំផុតក្នុងជិវិតរបស់ខ្ញុំ ហើយខ្ញុំក៏ដឹងដែរថា ពុកម៉ែបងប្អូនមានមន្ទិល និងចម្ងល់ជាច្រើនទាក់ទងនឹងភាពស្ងៀមស្ងាត់របស់ខ្ញុំ។

លោកបញ្ជាក់ថា ថ្ងៃនេះខ្ញុំសូមបកស្រាយ និងបំភ្លឺជាសាធារណៈថា ការស្ងៀមស្ងាត់របស់ខ្ញុំដោយសារខ្ញុំបានទទួលការប្រឹក្សាពីខាងក្រុមមេធាវីរបស់ខ្ញុំ អោយរក្សាភាពស្ងៀមស្ងាត់ មិនតបតដើម្បីងាយស្រួលនឹងប្រមូលភស្តុតាងទាក់ទងនឹងករណីនេះ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្ញុំ ។ លោកថា ខ្ញុំជឿជាក់លើប្រព័ន្ធតុលាការ និងការដោះស្រាយបញ្ហានេះតាមនីតវិធីច្បាប់ ហើយជឿជាក់ថា ច្បាប់របស់ព្រះរាជាណាចក្រកម្ពុជានឹងដោះស្រាយបញ្ហានេះដោយយុត្តិធម៌ និងការពារភាពស្អាតស្អំរបស់ខ្ញុំ។

លិខិតដដែលបានបន្តថា លោកមិនបានប្រព្រឹត្តរឿងដូចដែលបានចោទប្រកាន់នោះទេ។ រយៈពេលកន្លងមកនេះ មានបណ្តាញសារព័ត៌មាន និងគេហទំព័រជាច្រើនបានចុះផ្សាយព័ត៌មានមិនពិតទាក់ទងនឹងខ្ញុំពេញទូទាំងប្រទេសដែលប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតបុគ្គល និងអាជីពរបស់ខ្ញុំ ក៏ដូចជាបំពុលបណ្តាញសង្គមទូទាំងប្រទេស។  

អាស្រ័យហេតុនេះ ទើបរូបលោកសម្រេចដោះស្រាយបញ្ហានេះតាមនីតិវិធីគឺតាមច្បាប់ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ និងស្រោចស្រង់កេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់លោកមកវិញ៕