សមត្ថកិច្ចនៃអធិកម្មដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនជាតិវៀតណាម២នាក់ នៅរសៀលថ្ងៃទី១៧ ខែធ្នូឆ្នាំ២០២៤ ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះដែលបានបាត់ផ្លាករថយន្ត។

កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង១១យប់ ជនរងគ្រោះបានទុករថយន្តម៉ាក TOYOTA PRIUS ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BN-៦៥៩៥ នៅមុខផ្ទះរួចចូលផ្ទះសម្រាក ស្រាប់តែជនសង្ស័យ២នាក់ខាងលើ ជិះរថយន្តម៉ាក LEXUS-GS ពណ៌ស ផ្លាកលេខ ព្រះសីហនុ 2D-៨៦៩៩ មកឈប់ក្បែរ រួចធ្វើសកម្មភាពដោះស្លាកលេខរថយន្តជនរងគ្រោះគេចខ្លួនបាត់។

សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ សុខ ដារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះ១៩៩ ផ្លូវP-១៥(បុរីប៉េងហួត) ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ បានធ្វើការចុះស្រាវជ្រាវភ្លាមរហូតដល់កំណត់មុខសញ្ញាបាន និងធ្វើការឃាត់ខ្លួនជនជាតិវៀតណាមទាំង២នាក់។ ព្រមទាំងដកហូតបានវត្ថុតាងមានផ្លាកលេខរថយន្តជនរងគ្រោះ និងវត្ថុតាងមួយចំនួនទៀត។

ជនសង្ស័យទាំង២នាក់មានឈ្មោះ៖ ១-ឈ្មោះ NGUYEN VAN NGHIEP ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកក្លិប ECL (កាន់លិខិតឆ្លងដែនលេខ E០០១១០៧០៤៦) និង ២-ឈ្មោះ HOANG VAN THE ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកក្លិប ECL (គ្មានលិខិតឆ្លងដែន)។ ទាំង២នាក់ស្នាក់នៅផ្ទះជួល៤៦ ផ្លូវD-០៤(បុរីប៉េងហួត) ភូមិស្វាយតាអុក សង្កាត់វាលស្បូវ។

បច្ចុប្បន្ន ជនសង្ស័យជាជនជាតិវៀតណាមទាំង២នាក់ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បាប់អំពៅ ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តទៅតាមនីតិវិធីច្បាប់។
Leave a Reply