ឯកអគ្គរាជទូតចិន បានឱ្យដឹងថា ចិនមិនបានផ្អាកផ្ដល់កម្ចីមកលើកម្ពុជាឡើយ ចិននៅតែបន្តគោលជំហរគាំទ្រកម្ពុជា

លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលចិន មិនបានផ្អាកការផ្តល់កម្ចីដល់ប្រទេសកម្ពុជានោះទេ តែផ្ទុយទៅវិញ ចិនបន្តគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជា។ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ចេញមកអះអាងបែបនេះ ធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយព័ត៌មានថា រដ្ឋាភិបាលចិន បានផ្អាកការផ្តល់កម្ចីដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកមកអភិវឌ្ឍប្រទេស។

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ធ្វើការឆ្លើយតបចំពោះការចុះផ្សាយរបស់សារព័ត៌មាន Reuters របស់អង់គ្លេសកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ហើយត្រូវបានប្រព័ន្ធផ្សព្វផ្សាយជាភាសាខ្មែរនៅក្រៅប្រទេសយកមកចុះផ្សាយបន្តថា រដ្ឋាភិបាលចិន មិនបានអនុម័តប្រាក់កម្ចីណាមួយដល់កម្ពុជាក្នុងឆ្នាំ ២០២៤ ឡើយ បើទោះបីជាប្រទេសមហាអំណាចមួយនេះបានក្លាយជាម្ចាស់បំណុលធំជាងគេរបស់កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

សូមបញ្ជាក់ថា ទោះបីចិនគឺជាប្រទេសម្ចាស់បំណុលច្រើនជាងគេរបស់កម្ពុជានាពេលបច្ចុប្បន្ន ប៉ុន្តែរដ្ឋាភិបាលនៃប្រទេសទាំងពីរ គ្រោងនឹងធ្វើការចុះហត្ថលេខាលើគម្រោងអភិវឌ្ឍជាច្រើននាពេលខាងមុខ និងពុំមានគម្រោងណាមួយត្រូវបានលុបចោលនោះទេ។ ព្រោះរាជរដ្ឋាភិបាលចិន ផ្ដល់កម្ចីលើកម្ពុជា យកមកវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ៕