ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាភ្នំ

នាល្ងាចថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង និងលោកជំទាវ កែ សួន សុភី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាភ្នំ។

ពិធីនោះ បានប្រារព្វធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាភ្នំ ព្រមទាំង ប្រធាន អនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារទាំងអស់។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាភ្នំ ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ងិន បាណាល់ បានសម្រេចជោគជ័យជាបន្តបន្ទាប់នូវសមិទ្ធផលធំៗជាច្រើន ក្នុងនោះ ការបង្កើតព្រឹត្តិការណ៍ប្រកួតបាល់ទាត់យុវជន កម្មវិធីប្រឡងចម្រៀង សម្រស់ និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជនជាច្រើន ដើម្បីពង្រឹងអភិវឌ្ឍសមត្ថភាពឱ្យក្លាយជាធនធានមានតម្លៃនៅក្នុងសង្គម។

ដោយឡែកទិសនៅឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានជំរុញឱ្យបន្តពង្រឹង និងពង្រីកសកម្មភាពបន្ថែមដល់ថ្នាក់ឃុំ សង្កាត់ តាមគ្រប់មធ្យោបាយ ជាពិសេសសកម្មភាពនានាដែលជាការចូលរួមក្នុងការអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា។

ក្នុងឱកាសនោះដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានប្រគល់ប័ណ្ណសរសើរ និងលិខិតថ្លែងអំណរគុណដល់ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង និងក្រុមការងារគណបក្សចុះមូលដ្ឋានទុកបាភ្នំ និងសប្បុរសជន ផងដែរ៕