រដ្ឋបាលខេត្តកែប នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ បានចេញសេចក្តីបំភ្លឺ និងបដិសេធ ព្រមទាំងច្រានចោល លើការបង្ហោះរបស់គណនេយ្យហ្វេសប៊ុក ឈ្មោះ Srey Sexy ដែលបានបង្ហោះវីដេអូថា មានអគារ៧ជាន់ បាក់សង្កត់មនុស្សជាច្រើននាក់នៅខេត្តកែប ខណៈព័ត៌មាននេះ គឺជាព័ត៌មានចាស់កាលពី ៤ឆ្នាំមុន។

ជុំវិញបញ្ហានេះ រដ្ឋបាលខេត្តកែប បានធ្វើការបំភ្លឺជូនដល់សាធារណជន ពិសេសអ្នកប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក មេត្តាជ្រាបថា ថ្មីៗនេះ រដ្ឋបាលខេត្តកែប បានពិនិត្យឃើញថា នៅតាមបណ្តាញសង្គម មានជនខិលខូចមួយចំនួនបានធ្វើការផ្សព្វផ្សាយ និងចែករំលែកបន្តឡើងវិញនូវព័ត៌មានចាស់ នៃព្រឹត្តិការណ៍បាក់រលំអគារនៅខេត្តកែប (នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០) ក្នុងចេតនាទុច្ចរិត បំពុលសង្គម បង្កការភ័ន្តច្រឡំដល់សាធារណជន ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

រដ្ឋបាលខេត្តកែប សូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុងនូវរាល់ព័ត៌មាន និងការប្រឌិត ព័ត៌មានដោយយកវីដេអូចាស់ មកផ្សព្វផ្សាយ និងចែករំលែកបន្តឡើងវិញ ដូច្នេះសូមម្ចាស់គណនី និងផេក ហ្វេសប៊ុកដែលបានផ្សព្វផ្សាយ និងចែករំលែកព័ត៌មានក្លែងក្លាយទាំងនេះ លុបចេញវិញជាបន្ទាន់ និងសូមស្នើដល់អង្គភាពមានសមត្ថកិច្ច បើកការស៊ើបអង្កេត ស្រាវជ្រាវ ស្វែងរកមុខជនដែលបានបង្ហោះព័ត៌មាន ក្លែងក្លាយនេះយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន។
អាស្រ័យហេតុនេះ សូមសាធារណជន ពិសេសអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម សូមកុំមានការយល់ច្រឡំ និងសូមអំពាវនាវ កុំចូលរួមផ្សព្វផ្សាយ និងចែករំលែកបន្តព័ត៌មានក្លែងក្លាយទាំងនេះ ចៀសវាងបង្កការលំបាក ក្នុងការអនុវត្តភារកិច្ចស្រាវជ្រាវរបស់ជំនាញ និងអាចប្រឈមមុខចំពោះផ្លូវច្បាប់៕
Leave a Reply