ព្រៃវែង៖ ពលរដ្ឋស្រុកបាភ្នំបង្ហាញស្នាមញញឹមប្រកបដោយភាពសប្បាយរីករាយយ៉ាងក្រៃលែង ក្រោយទទួលបានម៉ាស៊ីនបូមទឹកខ្នាតធំ និងគោយន្ត ពីរឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកបាភ្នំ ខេត្តព្រៃវែង ដើម្បីបូមទឹកសង្គ្រោះស្រូវប្រាំង និងប្រើប្រាស់ជាប្រយោជន៍រួមផ្សេងៗសម្រាប់ប្រជាពលរដ្ឋក្នុងស្រុកបាភ្នំទាំងមូល។

ឆ្លើយតបតាមការស្នើសុំរបស់ប្រជាពលរដ្ឋក្នុងស្រុកបាភ្នំ ឯកឧត្តមបណ្ឌិត ងិន បាណាល់ និងភរិយា បានឲ្យក្រុមការងារនាំយកម៉ាស៊ីនបូមទឹកខ្នាតធំចំនួន៣គ្រឿង និងគោយន្ត១គ្រឿង មករក្សាទុកនៅមន្ទីរគណបក្សស្រុក ដើម្បីត្រៀមសម្រាប់ប្រើប្រាស់ បូមទឹកបញ្ចូលស្រែ ស្រោចដំណាំ និងប្រើប្រាស់ផ្សេងៗតាមតម្រូវការរបស់ប្រជាពលរដ្ឋក្នុងស្រុកបាភ្នំនាពេលរដូវប្រាំងមកដល់។

ប្រជាពលរដ្ឋស្រុកបាភ្នំទាំងមូល បានសម្តែងនូវសេចក្តីត្រេកអរយ៉ាងខ្លាំង ហើយបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុកបាភ្នំ និងក្រុមគ្រួសារ ដែលតែងតែគិតគូរពីសុខទុក្ខ ជីវភាពរស់នៅ ចាត់ឱ្យក្រុមការងារចុះពិនិត្យ និងសួរសុខទុក្ខជាប្រចាំ ដើម្បីស្វែងយល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ។

សូមជម្រាបជូនថា ការផ្តល់ជូនម៉ាស៊ីនបូមទឹក និងគោយន្ត ជូនពលរដ្ឋស្រុកបាភ្នំនេះ ធ្វើឡើងតាមការប្រកាសរបស់ឯកឧត្តមបណ្ឌិត កាលពី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ហើយការផ្ដល់ជូននេះក៏មិនមែនជាលើកទីមួយដែរ។ ជារឿយៗរាល់ទុក្ខកង្វល់ និងការស្នើសុំរបស់ប្រជាពលរដ្ឋតាមរយៈក្រុមការងារ ឯកឧត្តមបណ្ឌិត តែងតែឆ្លើយតបនឹងធ្វើតាមការសន្យាមិនឲ្យប្រជាពលរដ្ឋខកបំណងម្ដងណាឡើយ៕

Leave a Reply