ស្លាប់ម្នាក់ របួសជាច្រើនអ្នក ដោយសាររថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នានៅផ្លូវល្បឿនលឿន


មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងមនុស្សជាច្រើននាក់ទៀតរងរបួសធ្ងន់ស្រាល នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ ដោយរថយន្តចំនួន៣គ្រឿងបុកបន្តកន្ទុយគ្នា លើកំណាត់ផ្លូវល្បឿនលឿន ចំណុច K20+300 ទិសដៅពីភ្នំពេញ ទៅព្រះសីហនុ ត្រង់ចំណុចភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តាមប្រភពនគរបាលបានឱ្យដឹងថា មុនពេលកើតហេតុមានរថយន្ដ០១គ្រឿង ម៉ាកតូយ៉ូតា prius ពណ៌ក្រហមពាក់ ផ្លាកលេខភ្នំពេញ 2BA-2806 អ្នកបើកបរឈ្មោះ TSANG HINGCHUNG (សាំង ហ៊ីងឈុង) ភេទប្រុស អាយុ ៥៥ឆ្នាំ ជាជនជាតិចិន បើកបរពីទិសខាងកើតទៅទិសខាងលិច លុះពេលធ្វើដំណើរមកដល់ចំណុចខាងលើបានបុកប៉ះជាមួយរថយន្តផ្នែកពីក្រោយម៉ាក Hyundai ពណ៌ខៀវ ពាក់ផ្លាកលេខ ឃ.4370-ភព2 (មានដឹកបន្ទះក្ដារ) អ្នកបើកបរឈ្មោះ ឌិន ប៊ុនថុន ភេទប្រុស អាយុ៣៨ឆ្នាំ អ្នករួមដំណើរជាមួយ១នាក់ឈ្មោះ សុខ កុសលភេទប្រុស អាយុ៣៩ឆ្នាំ បើកបរពីទិសខាងកើតទៅលិច បណ្ដាលឱ្យគ្រោះថ្នាក់ក្រឡាប់។ បន្ទាប់មកមានរថយន្ដ១គ្រឿង ម៉ាកMaserdasពណ៌ស ផ្លាកលេខភ្នំពេញ 2BP- 7869 អ្នកបើកបរឈ្មោះ LI WEN BING (លី វ៉េនពីង) ភេទប្រុស អាយុ៣២ឆ្នាំ បើកបរពីទិសខាងកើតទៅលិច កំពុងតែបេីកបរក្នុងល្បឿន រួចបានកិននិងប៉ះជាមួយបន្ទះក្តាដែលធ្លាក់លើផ្លូវ បណ្ដាលឱ្យគ្រោះថ្នាក់ និងខូចខាតរថយន្តយ៉ាងដំណំ។

បច្ចុប្បន្នរថយន្ដទាំង០៣គ្រឿងខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញបានយកទៅរក្សាទុកនៅស្នាក់ការបញ្ជរកំពង់ស្ពឺខាងកើត K26 រង់ចាំធ្វើការដោះស្រាយបន្ដតាមផ្លូវច្បាប់៕