រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ប្រព័ន្ធផ្សព្វផ្សាយមិនត្រឹមតែកត់ត្រាព្រឹត្តការណ៍ពិភពលោកប៉ុណ្ណោះទេ ថែមទាំងបង្កើតអនាគតសម្រាប់ពិភពលោក 

ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងក្នុងវេទិកាស្តីពីការផ្សព្វផ្សាយឆ្លាតវៃ នៃប្រព័ន្ធផ្សព្វផ្សាយ កម្ពុជា-ចិន ឆ្នាំ២០២៤ ថា ប្រព័ន្ធផ្សព្វផ្សាយ មិនត្រឹមតែកត់ត្រាព្រឹត្តការណ៍ពិភពលោក ប៉ុណ្ណោះទេ ថែមទាំងបង្កើតអនាគតសម្រាប់ពិភពលោកផងដែរ។ ក្នុងសម័យកាលប្រវត្តិសាស្ត្រ គន្លឹះនេះ យើងនឹងរួមគ្នាខិតខំបង្កើតទំព័រថ្មី នៃទំនាក់ទំនងក្នុងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន ដើម្បីបញ្ចូលកម្លាំងថ្មីក្នុងការកសាងសហគមន៍ជោគវាសនា រួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ដោយសារការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាព័ត៌មាន តួនាទីរបស់ប្រព័ន្ធ ផ្សព្វផ្សាយ មិនមែនគ្រាន់តែផ្សព្វផ្សាយព័ត៌មានប៉ុណ្ណោះទេ ថែមទាំងជាវេទិកាដ៏សំខាន់ក្នុងការទំនាក់ ទំនងវប្បធម៌ និងការផ្លាស់ ប្ដូរមតិយោបល់ និងទស្សនៈគ្នាទៅវិញទៅមក។ ស្របពេលដែលបច្ចេកវិទ្យាមានការរីកចម្រើនទៅមុខឥត ឈប់ឈរ បញ្ញាសិប្បនិម្មិតមានសក្ដានុពលដ៏ធំធេងដល់ប្រព័ន្ធផ្សព្វផ្សាយ។

ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ប្រកាន់ខ្ជាប់នូវការនាំមុខ នៃនវានុវត្តន៍បច្ចេកវិទ្យាជាយូរណាស់មកហើយ ដោយបង្ហាញយ៉ាងល្អឥតខ្ចោះនូវទស្សនៈ និងសិល្បៈ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យានវានុវត្តន៍ថ្មី ដូចជា បញ្ញាសិប្បនិម្មិត និងការផ្សាយកម្រិត 8K ជាដើម។ ឆ្នាំ២០២៤គឺជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន យើងអាចឆ្លៀតឱកាសនេះ ពង្រឹងកិច្ចសហប្រតិបត្តិការ និងការចែករំលែកមាតិកាខ្លឹមសារ   រួមគ្នាបណ្ដុះបណ្ដាលធនធានយុវជនក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ ប្រើប្រាសបញ្ញាសិប្បនិម្មិតឱ្យបានល្អ ដើម្បីរួមគ្នាឆ្លើយតបបញ្ហាប្រឈមនៃព័ត៌មានក្លែងក្លាយ និងប្រើប្រាស់បច្ចេកវិទ្យាជំរុញនវានុវត្តន៍ពង្រឹងភាពស៊ីជម្រៅ និងភាពទូលំទូលាយនៃកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ កម្ពុជា- ចិន ដើម្បីបញ្ចូលកម្លាំងថ្មីក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។

ឯកឧត្ដម Chencong អគ្គទីប្រឹក្សានៃស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ចាប់តាំងពីដើមឆ្នាំនេះមក កិច្ចសន្ទនាស៊ីជម្រៅ ការផ្លាស់ប្តូរគ្នាទៅវិញទៅមក និងការរៀនសូត្រពីគ្នាទៅវិញទៅមករវាងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងចិន បានបង្ហាញយ៉ាងពេញលេញនូវសមិទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរ។ ក្នុងនាមជាកម្លាំងចលករដ៏សំខាន់សម្រាប់បដិវត្តន៍វិទ្យាសាស្ត្របច្ចេកវិទ្យា និងបដិវត្តន៍ឧស្សាហកម្មថ្មីមួយលើកទៀត បញ្ញាសិប្បនិមិត្តបានជះឥទ្ធិពលយ៉ាងធំធេង និងទូលំទូលាយដល់សង្គមមនុស្ស នយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍន៍សង្គម និងវិស័យផ្សេងៗទៀត ហើយក៏បាននាំមកនូវភាពទូលំទូលាយ និងស៊ីជម្រៅផងដែរដល់ការផ្លាស់ប្តូរលើវិស័យផ្សព្វផ្សាយព័ត៌មាន។

ការពន្លឿនកាអភិវឌ្ឍសមាហរណកម្ម រវាងបញ្ញាសិប្បនិម្មិត និងការផ្សព្វផ្សាយព័ត៌មាន បានក្លាយជាបញ្ហាថ្មីដែលការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយសម័យបច្ចុប្បន្នកំពុងប្រឈម ហើយថែមទាំងបានបើកផ្លូវថ្មីមួយសម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រព័ន្ធផ្សព្វផ្សាយកម្ពុជានិងចិន។ កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយរវាងប្រទេសទាំងពីរជុំវិញបច្ចេកវិទ្យាផ្សព្វផ្សាយបញ្ញាសិប្បនិមិត្ត មានកាលានុវត្តភាព និង អនាគតទូលំទូលាយ៕