ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំស្តីពីការកំណត់ឱ្យប្រើឯកសណ្ឋាននគរបាលជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ដែលត្រូវបានតែងតាំងជាមុខងារនយោបាយ

ក្រសួងមហាផ្ទៃ បានកត់សម្គាល់ឃើញថា មន្ត្រីនគរបាលជាតិបម្រើការងារតាមបណ្តានាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បានស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិក្នុងពេលបំពេញការងារ បានត្រឹមត្រូវស្របតាមគោលការណ៍ណែនាំនិងលិខិតបទដ្ឋានដែលបានកំណត់ហើយ។

ដោយឡែក ក្រសួងមហាផ្ទៃ ក៏បានសង្កេតឃើញថា កន្លងមកមានថ្នាក់ដឹកនាំមួយចំនួនតូចដែលស្ថិតនៅក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ហើយត្រូវបាន តែងតាំងជាមុខងារនយោបាយនិងបានដាក់ឱ្យស្ថិតនៅក្រៅក្របខ័ណ្ឌដើម បានស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិ សម្រាប់បំពេញការងារប្រចាំថ្ងៃនិងចូលរួមកិច្ចប្រជុំនានា។

អាស្រ័យហេតុដូននេះ ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដល់ថ្នាក់ដឹកនាំដែលស្ថិតនៅក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដែលបានតែងតាំងជាមុខងារនយោបាយ ត្រូវអនុវត្តតាមគោលការណ៍ណែនាំដូចខាងក្រោម៖

១- មិនអនុញ្ញាតឱ្យស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិ សម្រាប់បំពេញការងារប្រចាំថ្ងៃនិងចូលរួមកិច្ចប្រជុំនានា។

២- អនុញ្ញាតឱ្យស្លៀកពាក់ឯកសណ្ឋានគរបាលជាតិ ក្នុងករណីមានការចាត់តាំងឱ្យចូលរួមក្នុងពិធីបុណ្យជាតិ ពិធីថ្ងៃខួបកំណើតនគរបាលជាតិ សន្និបាតក្រសួង ឬពិធីផ្លូវការណាមួយ ដែលតម្រូវឱ្យស្លៀកពាក់ ឯកសណ្ឋាននគរបាលជាតិតែប៉ុណ្ណោះ។