សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសដែលសម្តេចអញ្ជើញប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ» នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានថ្លែងថា ការជួយជនរងគ្រោះពីអំពើជួញដូរមនុស្ស គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវយកចិត្តទុកដាក់ជួយគ្រប់ជាតិសាសន៍ ដោយគ្មានការរើសអើង មិនថាតែពលរដ្ឋខ្មែរនៅក្រៅប្រទេស ឬជនបរទេសដែលរស់នៅកម្ពុជាឡើយ។

សម្តេចធិបតី មានប្រសាសន៍ថា «ប្រជាជនខ្មែរនៅក្រៅប្រទេស ក៏មិនខុសពីប្រជាជនបរទេសនៅស្រុកខ្មែរ គឺតម្លៃនិងអាទិភាពនៃការជួយត្រូវយកចិត្តទុកដាក់ដូចគ្នា ដោយមិនមានការរើសអើង ហើយនេះគឺជាអភិក្រមរបស់យើង ព្រោះមនុស្សដូចគ្នា មានការលំបាកដូចគ្នា យើងជួយជនជាតិផ្សេងប្រទេសផ្សេងក៏ជួយជនជាតិយើង ហើយការសហការជាមួយបណ្តាប្រទេស គឺមិនខុសពីជំនាន់កូវីដទេ ប្រជាជនបរទេសដែលនៅស្រុកខ្មែរក៏ត្រូវការយើងចាក់វ៉ាក់សាំងឱ្យ ប្រជាជនខ្មែរក៏ត្រូវបានដូចគ្នា»។

សម្តេចធិបតី បន្តថា ការជួយគ្នាបែបនេះ គឺជាកិច្ចសហប្រតិបត្តិការ និងជាកតព្វមនុស្សធម៌សម្រាប់មនុស្សជាតិទាំងអស់ដែលត្រូវធ្វើ ក្នុងការទប់ស្កាត់លើសកម្មភាពឆ្លៀតឱកាសជួញដូរមនុស្ស តាមរយៈការពង្រឹងយន្តការអនុវត្តច្បាប់ ការរៀបចំច្បាប់ និងការរៀបចំពង្រឹងនូវបច្ចេកវិទ្យាជាដើម។

ជាមួយគ្នានេះដែរ សម្តេចធិបតី បានថ្លែងអំណរគុណដល់ដៃគូរ ទាំងស្ថាប័នជាតិ និងអន្តរជាតិដែលចូលរួមក្នុងការទប់ស្កាត់អំពើជួញដូរមនុស្សនេះ ព្រោះកិច្ចការងារនេះ គឺជាកាតព្វកិច្ចរបស់មនុស្សជាតិទាំងអស់ ដែលមិនមែនជាកាតព្វកិច្ចរបស់កម្ពុជា របស់អាមេរិក ឬរបស់ប្រទេសអាស៊ាននោះទេ ប៉ុន្តែជាការរួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស៕
Leave a Reply