ក្រសួងអប់រំ ចេញសេចក្តីណែនាំហាមឃាត់ការលក់ភេសជ្ជៈប៉ូវកម្លាំងក្នុងបរិវេណសាលារៀន

យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានលើកឡើងថា កន្លងមក ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការលើក កម្ពស់សុខភាព អនាម័យ និងសុវត្ថិភាពចំណីអាហារតាមសាលារៀន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន និងសេចក្តីណែនាំស្តីពី ការពង្រឹងវិធានការអនុវត្តក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណី អាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន។

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសហាមឃាត់យ៉ាងដាច់ខាត ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុង និងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សា ចំណេះទូទៅសាធារណៈ និងឯកជន និងគ្រឹះស្ថានអប់រំបច្ចេកទេស។ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការឱ្យយកចិត្តទុកដាក់បន្ថែមលើសុខភាព របស់សិស្ស រួមទាំងការបង្ការហានិភ័យនៃជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម។

មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃ រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន និងគ្រឹះស្ថានអប់រំបច្ចេកទេសនៅ ទូទាំងប្រទេស ត្រូវអនុវត្តដូចខាងក្រោម ៖ 

១- ត្រូវហាមឃាត់ដាច់ខាត នូវការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុង និងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សា ។

២- ត្រូវអនុវត្តឱ្យបានម៉ឺងមាត់ នូវបទប្បញ្ញត្តិនានា ដែលពាក់ព័ន្ធនឹងការលើកកម្ពស់សុវត្ថិភាពចំណី អាហារ និងអាហារប្រកបដោយសុខភាពនៅតាមគ្រឹះស្ថានសិក្សា ដែលក្រសួងបានណែនាំកន្លងមក ។

៣- ត្រូវដាក់បញ្ចូលបន្ថែមក្នុងបទបញ្ជាផ្ទៃក្នុង ឬក្រមប្រតិបត្តិរបស់គ្រឹះស្ថានសិក្សាស្តីពី ការហាមឃាត់ ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈ ប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុង និងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សា ។

៤- ត្រូវអប់រំ ក្រើនរំឭក និងផ្សព្វផ្សាយអំពីផលប៉ះពាល់ នៃការទទួលទានភេសជ្ជៈប៉ូវកម្លាំង នៅពេល គោរពទង់ជាតិ កិច្ចប្រជុំ ឬកម្មវិធីប្រមូលផ្តុំផ្សេងៗរបស់គ្រឹះស្ថានសិក្សា ។

៥- ត្រូវចលនាអ្នកសិក្សា និងបុគ្គលិកអប់រំ ឱ្យចូលរួមក្នុងការផលិតស្លាកសញ្ញា ឬសារអប់រំ ។

៦- ត្រូវពិនិត្យតាមដានរាល់សកម្មភាពនៃការទទួលទាន ការចែកចាយ ការតាំងលក់ ការផ្សព្វផ្សាយ ពាណិជ្ជកម្មគ្រប់ប្រភេទ នៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សា ដើម្បីមានវិធានការដោះស្រាយ តាមស្ថានភាពជាក់ស្តែង ដូចជា បញ្ឈប់ការទទួលទាន ការចែកចាយ ការតាំងលក់ ការផ្សព្វផ្សាយ ពាណិជ្ជកម្ម និងការដកហូតភេសជ្ជៈប៉ូវកម្លាំង គ្រប់ប្រភេទនៅនឹងកន្លែង និងបញ្ឈប់កិច្ចសន្យា លក់ដូរ ។

៧- ត្រូវសហការជាមួយស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅតាមមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីចូលរួមអនុវត្តសេចក្តីណែនាំនេះសំដៅធ្វើឱ្យ “គ្រឹះស្ថានសិក្សា គ្មានភេសជ្ជៈប៉ូវកម្លាំង” ៕