តាមការចុះផ្សាយរបស់សារព័ត៌មាន VnExpress ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ប៉ូលិសទីក្រុងហាណូយបានចាប់ខ្លួនមនុស្សចំនួន៦នាក់ ពីបទរត់ពន្ធឧស្ម័នណាយទ្រីសអុកសៃ (Nitrous Oxide) ដែលត្រូវបានស្គាល់ជាទូទៅថា (ឧស្ម័នរីករាយ) ជាង៧,៣៣០តោនតម្លៃស្មើនឹង៥លានដុល្លារអាមេរិក។

ឧស្ម័នណាយទ្រីសអុកសៃ ដែលមានប្រភពពីអ្នកផ្គត់ផ្គង់ពីបរទេស ត្រូវបានដឹកជញ្ជូនតាមទីក្រុងកំពង់ផែហៃផុង (Hai Phong) និងខេត្តឡៅ កៃ (Lao Cai) ភាគខាងជើងប្រទេសវៀតណាម ដើម្បីយកមករក្សាទុកនៅទីតាំងមួយចំនួនក្នុងខេត្តហ៊ឹងអៀន (Hung Yen) និងខេត្តបាកនិញ (Bac Ninh) ក្បែរទីក្រុងហាណូយ។

គួរឲ្យដឹងថា ឧស្ម័នណាយទ្រីសអុកសៃត្រូវបានលក់បន្តទៅឱ្យអាជីវកម្មផ្គត់ផ្គង់បារ ហាងស្រា និងក្លិបរាត្រី ដោយគេចវេសពីពន្ធ និងធ្វើឱ្យរដ្ឋខាតបង់ជិត ២៤ពាន់លានដុង ឬស្មើនឹង ១លានដុល្លារ។
ឧស្ម័នណាយទ្រីសអុកសៃ ជាទូទៅត្រូវបានប្រើប្រាស់ជាសារធាតុគីមីឧស្សាហកម្ម ការកែច្នៃអាហារ ឬថ្នាំសណ្តំបំបាត់ឈឺចាប់ ជាពិសេសសម្រាប់ពេទ្យធ្មេញ។ ប៉ុន្តែការប្រើសម្រាប់ការកម្សាន្តរបស់យុវជនដោយស្រូបពីប៉េងប៉ោង គឺបង្កហានិភ័យសុខភាពធ្ងន់ធ្ងរ រួមទាំងខូចខាតដល់ប្រព័ន្ធសរសៃប្រសាទ សរសៃឈាមបេះដូង ការញៀន ហើយធ្ងន់ធ្ងរខ្លាំងអាចប៉ះពាល់ដល់អាយុជីវិតទៀតផង។

សូមបញ្ជាក់ថា ទោះបីជាឧស្ម័នណាយទ្រីសអុកសៃ មិនត្រូវបានចាត់ថ្នាក់ជាគ្រឿងញៀនក្នុងប្រទេសវៀតណាមក៏ពិតមែន ប៉ុន្តែការប្រើប្រាស់ខុសផ្តល់ផលវិបាកធ្ងន់ធ្ងរ ពិសេសលើយុវវ័យ។ អ្នកប្រើប្រាស់អាចរងផលប៉ះពាល់ដូចជា វង្វេងស្មារតី បាត់បង់ម្ចាស់ការ បាត់ការចងចាំ និងទន់ដៃទន់ជើងជាដើម៕
Leave a Reply