ថៃបានប្រកាសអាសន្នខេត្តភាគខាងត្បូងប្រទេស ប៉ុន្មានថ្ងៃខាងមុខ នឹងមានព្យុះភ្លៀងខ្លាំង 

តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃទី១០ខែធ្នូឆ្នាំ២០២៤, មជ្ឈមណ្ឌលប្រតិបត្តិការជួយជនរងគ្រោះដោយទឹកជំនន់ បានព្រមានឲ្យមានការប្រុងប្រយ័ត្ន ខណៈលោកឧបនាយករដ្ឋមន្ត្រី Phumtham Wechayachai ចេញបញ្ជាឲ្យមន្ត្រីជាង ៤ ០០០នាក់ ចេញឈរជើង ដើម្បីត្រៀមខ្លួនធ្វើទប់ទល់និងធ្វើប្រតិបត្តិការនៅក្នុងតំបន់នានា។

លើសពីនេះទៅទៀត នាយកដ្ឋានធនធានទឹក ក៏បានដាក់ដំឡើងម៉ាស៊ីនបូមទឹក៥០០គ្រឿងរួចហើយផងដែរ នៅក្នុងតំបន់ងាយរងគ្រោះ ជាពិសេសស្រុក Cha-uat និង Hua Sai នៃខេត្ត Nakhon Si Thammarat ។

កាលពីសប្តាហ៍មុន នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយ ក៏បានព្រមានឲ្យខេត្តចំនួន១៤ដូចជា Chumphon, Surat Thani, Nakhon Si Thammarat, Phatthalung, Songkhla, Pattani, Yala, Narathiwat, Ranong, Phang Nga, Phuket, Krabi, Trang, និង Satun ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការបាក់ស្រុកដី និងទឹកជំនន់រហ័ស។

សូមបញ្ជាក់ថា ខេត្តភាគខាងត្បូងប្រទេសថៃ រងគ្រោះដោយទឹកជំនន់យូរមកហើយ ចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី៩ ខែធ្នូនេះ ទឹកជំនន់បានជន់លិចផ្ទះ៦៦៤១៧៣ខ្នង ហើយឆក់យកជីវិតមនុស្សចំនួន៣១នាក់រួមមកហើយ៕