សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ក្រុមគ្រូពេទ្យត្រូវពង្រឹងសមត្ថភាពផ្នែកសេវាបង្ការ និងសេវាព្យាបាលបឋម ដើម្បីទប់ស្កាត់ជំងឺកុំឲ្យវិវត្តទៅកាន់ស្ថានភាពធ្ងន់ធ្ងរ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម ផាក ជុងវ៉ូក (Park Jung-Wook) ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ បានណែនាំ គ្រូពេទ្យ បុគ្គលិកបច្ចេកទេស ទាំងក្នុងផ្នែក សាធារណៈ និងឯកជន ត្រូវបង្កើនសមត្ថភាពលើសេវាបង្ការ និងសេវាព្យាបាលបឋម ដើម្បីទប់ស្កាត់ជំងឺកុំឲ្យវិវត្តទៅកាន់ស្ថានភាពធ្ងន់ធ្ងររ៉ាំរ៉ៃ។

ប្រសាសន៍ណែនាំបន្ត អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ ត្រូវចុះបញ្ជីកាក្នុង គណៈវិជ្ជាជីវៈសុខាភិបាល និងមានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈសុខាភិបាលដែលមានសុពលភាព គោរពក្រមសីលធម៌វិជ្ជាជីវៈ បទដ្ឋានវិជ្ជាជីវៈ និងនិយាមវិជ្ជាជីវៈ ព្រមទាំងអនុវត្តការងារក្នុងដែនកំណត់វិជ្ជាជីវៈសុខាភិបាលរបស់ខ្លួន និងចូលរួមអភិវឌ្ឍសមត្ថភាពជាប្រចាំ។

សម្តេចធិបតី បន្ដថា ត្រូវកសាង និងរក្សាទំនាក់ទំនងប្រកបដោយទំនុកចិត្ត តាមរយៈឥរិយាបថ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ នៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ ឬ គ្រួសារអ្នកជំងឺ រួមទាំងលើកទឹកចិត្តអ្នកជំងឺ និងគ្រួសារឱ្យចូលរួមក្នុងការសម្រេចចិត្តលើការព្យាបាល, ផ្តល់ចំណេះដឹង និង បទពិសោធអំពីការ បង្ការបឋម, ការព្យាបាលបង្ការ, ការគ្រប់គ្រងលក្ខខណ្ឌជំងឺរ៉ាំរ៉ៃ និងការថែទាំ អ្នកជំងឺជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ត្រូវរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូរ ដោយប្រកាន់ខ្ជាប់គ្រប់ ពេលវេលានូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជា- ពលរដ្ឋប្រកបដោយភាពស្មោះត្រង់ សុចរិតភាព និង សមធម៌, ដោយត្រូវធានាថា គ្មានអ្នកជំងឺណាម្នាក់ត្រូវបានរើសអើង ឬ ត្រូវបានបដិសេធក្នុងការទទួល បានសេវាថែទាំព្យាបាល ដោយសារ តែស្ថានភាពលក្ខណៈរបស់បុគ្គល គ្រួសារ ទំនៀមទម្លាប់ សាសនា ឬនិន្នាការនយោបាយឡើយ៕