សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម ផាក ជុងវ៉ូក (Park Jung-Wook) ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ បានណែនាំ ក្រសួងសុខាភិបាល ត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងអាជ្ញាបណ្ណមណ្ឌលសុខភាពឯកជន ជាពិសេសលើការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈ របស់គ្រូពេទ្យ។

សម្តេចធិបតី មានប្រសាសន៍ថា ការគ្រប់អាជ្ញាបណ្ណ ត្រូវធ្វើឱ្យបានច្បាស់លាស់ កន្លងទៅ ក្រសួងសុខាភិបាល បានធ្វើការត្រួតពិនិត្យករណីនេះ ហើយក៏បានបិទមួយចំនួនផងដែរ។

សម្តេចធិបតី ក៏បានរំលឹកក្នុងកិច្ចប្រជុំជាមួយ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដោយមានការសំណូមពរពីប្រជាពលរដ្ឋ ឱ្យក្រសួងសុខាភិបាលពន្យល់បានច្បាស់លាស់ តើកម្រិតណា? នៃការផ្ដល់សេវាសុខាភិបាលនៅតាមផ្ទះ។

សម្តេចធិបតី បន្ដថា ការពង្រឹង និងការគ្រប់គ្រងថ្នាំពេទ្យ និងចំណីអាហារ បានត្រឹមត្រូវ និងតាមគុណភាព ធានាបាននូវប្រសិទ្ធិភាព កុំឱ្យប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋ ដែលជាកិច្ចការងាររបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់។

សូមបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បន្តផ្ដល់អាទិភាពដល់វិស័យសុខាភិបាល និងវិស័យអប់រំ ខណៈ សម្ដេច បានផ្ដល់គោលការណ៍ដល់ក្រសួងសុខាភិបាល ក្នុងការជ្រើសរើសគ្រូពេទ្យបន្ថែម សម្រាប់បម្រើការនៅតាមបណ្ឌលសុខភាពនៅតាមភូមិ ឃុំ ឱ្យបានគ្រប់គ្រាន់៕



Leave a Reply