អាជ្ញាធរបន្តបង្ក្រាបទីតាំងលួចបើកល្បែងស៊ីសងឃាត់ខ្លួនមនុស្ស៣មាក់

មនុស្ស៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបល្បែងសុីសងតាមអនឡាញ កាលពីរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចហាងកាហ្វេក្បែរផ្សារកំពង់ថ្ម ក្នុងភូមិព្រៃត្រាវ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

មនុស្សទាំង៣នាក់ខាងលើរួមមាន៖ ទី១ -ឈ្មោះ អ៊ី ឡូ ភេទប្រុស អាយុ៥៦ឆ្នាំ ជាម្ចាស់ហាងកាហ្វេ រស់នៅផ្ទះខាងលើ។ ទី២ -ឈ្មោះ ញ៉ិប សុខណា ភេទស្រី អាយុ២៦ឆ្នាំ ជាភ្នាក់ងារ រស់នៅភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ទី៣ -ឈ្មោះ វិជ្ជរា ភេទស្រី អាយុ២១ឆ្នាំ ជាភ្នាក់ងារ រស់នៅភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ 

បច្ចុប្បន្នមនុស្សទាំង៣នាក់ រួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចនាំយកទៅអធិការដ្ឋានស្រុកបារាយណ៍ ដើម្បីសាកសួរ និងអនុវត្តបន្តទៅតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃបានចេញសារាចរណែនាំចំនួន៥ចំនុច ដើម្បីបញ្ឈប់សកម្មភាពផ្សព្វផ្សាយលេងល្បែងស៊ីសងខុសច្បាប់ ហើយអាជ្ញាធរទូទាំង២៥រាជធានីខេត្ត បាននឹងកំពុងចុះអនុវត្តសារាចរណែនាំរបស់ក្រសួងមហាផ្ទៃ៕