សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រខេត្តបាត់ដំបង បានសំណូមពរដល់អាជ្ញាធរ ក៏ដូចជា សិស្សានុសិស្ស រួមទាំងប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ចូលរួមបង្ការទប់ស្កាត់រាយការណ៍អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីចៀសវាងការខាតបង់ទ្រព្យសម្បត្តិ។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងបែបនេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកម៉ូតូ ជូនសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ចំនួន ១៣០នាក់ ឆ្នាំសិក្សា ២០២៣-២០២៤ ក្នុងខេត្តបាត់ដំបង នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។
សម្ដេចក្រឡាហោម ក៏បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជា ថ្នាក់ដឹកនាំ បុគ្គលិក និងមន្ត្រីរាជការនៃរដ្ឋបាលខេត្ត អង្គភាពចំណុះ មន្ទីរអប់រំ យុវជននិងកីឡាខេត្ត បុគ្គលិកសិក្សា លោកនាយក លោកស្រីនាយិកា លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស ក៏ដូចជាមាតាបិតានិងអាណាព្យាបាលគ្រប់រូបផងដែរ។

សម្ដេចក្រឡាហោម ស ខេង បន្ដថា តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រាជរដ្ឋាភិបាល បានដាក់ចេញអាទិភាពគន្លឹះចំនួន៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ជាពិសេសគឺ “បច្ចេកវិទ្យាឌីជីថល” សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ច-សង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងជាមធ្យោបាយដ៏សំខាន់នៃការសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ទន្ទឹមនឹងនេះ សម្ដេចក្រឡាហោម ក៏បានស្នើរឱ្យអាជ្ញាធរក៏ដូចជាគ្រប់ផ្នែកពាក់ព័ន្ធ សិស្សានុសិស្សដែរ រួមទាំងប្រជាពលរដ្ឋទាំងអស់ក្នុងនោះមានទាំងក្មួយៗ សូមយកចិត្តទុកដាក់ចូលរួមបង្ការទប់ស្កាត់អំពើឆបោកតាម ប្រព័ន្ធអនឡាញនេះ ចៀសវាងការខាតបង់ទ្រព្យសម្បត្តិ ក៏ដូចជាលុយកាក់ ដោយសារចាញ់បោកក្រុមឧក្រិដ្ឋជនតាមអនឡាញ។

សម្ដេចក្រឡាហោម ក៏បានផ្តាំផ្ញើនូវកិច្ចការងារមួយចំនួន ដល់ក្មួយៗសិស្សានុសិស្សទាំងអស់ រួមមានសូមឱ្យក្មួយៗចៅៗ បន្តខិតខំប្រឹងប្រែងសិក្សារៀនសូត្រទាំងនៅក្នុងថ្នាក់រៀន ក៏ដូចជាស្វ័យសិក្សា ដើម្បីឈានទៅសម្រួចសមត្ថភាពនៅថ្នាក់ឧត្តមសិក្សាស្របតាមស្មារតីនៃគោលនយោបាយជាតិ ស្តីពីការសិក្សាពេញមួយជីវិត ក៏ដូចជាគោលនយោបាយ ស្តីពីចក្ខុវិស័យឧត្តមសិក្សាឆ្នាំ២០៣០។ សូមចៀសអោយឆ្ងាយពីអំពើអបាយមុខគ្រប់ប្រភេទ ពិសេសគ្រឿង ញៀន និងចៀសឱ្យឆ្ងាយពីបាបមិត្ត គឺមិត្តដែលនាំយើងទៅរកក្តីវិនាសអន្តរាយ ឃ្លាតចាកឆ្ងាយពីការសិក្សា និងធ្វើឱ្យយើងធ្លាក់ទៅក្នុងរណ្តៅនៃអវិជ្ជា។ សូមកុំភ្លេចខ្លួន និងកុំមានមោទនភាពជ្រុលពីការទទួលបាននិទ្ទេសល្អនៅក្នុងសាលា ហើយលែងដៃទម្លាក់ចោលការខិតខំព្យាយាមសិក្សាអោយសោះ ព្រោះថា “ជោគជ័យនៅក្នុងសាលា មិនទាន់ប្រាកដថា យើងនឹងអាចទទួលបានជោគជ័យនៅក្នុងជីវិត ដោយមិនបាច់ខំប្រឹងបន្តនោះទេ”។ សូមបន្តខិតខំរៀនសូត្របន្ថែម យោងទៅតាមពាក្យស្លោកថា ”រៀនហើយរៀនទៀត រៀនមិនចេះចប់ ឬការសិក្សាពេញមួយជីវិត”៕
Leave a Reply