ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមព្រឹត្តិការណ៍ “រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌”

នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញចូលរួមព្រឹត្តិការណ៍ “រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌” អបអរសាទរខួបលើកទី៧៦ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែងដោយបានមកចូលរួមក្នុងកម្មវិធីបើកព្រឹត្តិការណ៍ “រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌” អបអរសាទរ ខួបលើកទី៧៦ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសដ៏ថ្លៃថ្លានេះ។

ក្នុងនាមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង សម្តេចបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រដ្ឋបាលខេត្តបាត់ដំបង និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាបង្កើតព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះឡើង ដែលយើងអាចមកជួបជុំគ្នា ដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦។ ការជួបជុំនេះ បានបង្ហាញ ពីស្មារតីមនុស្សធម៌ វប្បធម៌ចែករំលែក និងកម្លាំងសាមគ្គីដ៏ធំធេងពីគ្រប់មជ្ឈដ្ឋាន ដើម្បីសិទ្ធិមនុស្ស។ ការរត់ គឺជានិមិត្តរូបនៃសេរីភាព និងជាកីឡានាំមកនូវសុខភាព ព្រមទាំងជាផ្នែកមួយនៃការរួមចំណែកដល់ការលើកកម្ពស់ សិទ្ធិសុខភាព និងសិទ្ធិ រស់រានមានជីវិតរបស់យើងផងដែរ៕