ប្រជាកសិករធ្វើស្រែជាច្រើនគ្រួសាររស់នៅក្នុងភូមិក្បាលដំរី ភូមិសំរោង និងភូមិក្រវៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានស្រែកឲ្យអាជ្ញាធរជួយទាំងទឹកភ្នែកថា យុត្តិធម៌ឆ្ងាយដូចជើងមេឃសម្រាប់ប្រជាពលរដ្ឋក្រីក្រដូចយើងខ្ញុំ ធ្វើស្រែបានផលត្រូវជំទាវម្នាក់ឈ្មោះ នាង ហៀប មកច្រូតយកអស់ ហើយអះអាងថាជាប្រធានក្រុមហ៊ុនមិនស្គាល់ឈ្មោះមួយនៅរាជធានីភ្នំពេញ មានខ្នងបង្អែកធំនៅពីក្រោយ។

ក្រោយជួបរឿងអយុត្តិធម៌នេះ ប្រជាពលរដ្ឋជាច្រើនគ្រួសារបានរត់ទៅរកអាជ្ញាធរ ភូមិ-ឃុំ នៅស្រុកឱរ៉ាល់ និងខេត្តកំពង់ស្ពឺ ឱ្យជួយអន្តរាគមន៍ដោះស្រាយ តែត្រូវបានអាជ្ញាធរមូលដ្ឋានមិនអើពើ ក្នុងការដោះស្រាយជូននោះឡើយ។ អាជ្ញាធរជួយដោះស្រាយតែប្រជាពលរដ្ឋ២គ្រួសារ ហើយប្រកាសថាបានដោះស្រាយចប់សព្វគ្រប់ហើយ។

គួរឲ្យដឹងផងដែរថា ភាគីក្រុមហ៊ុនដែលមានលោកជំទាវ នាង ហៀប បានបង្ហាញប្លង់នៅលើទូរស័ព្ទទៅអាជ្ញាធរថាគេមានប្លង់រួចហើយ។ ខណៈដែលប្រជាពលរដ្ឋរស់នៅ កាន់កាប់អាស្រ័យផលនៅទីតាំងនេះជាយូរឆ្នាំណាស់មកហើយ មិនដែលឃើញមានក្រុមហ៊ុនអ្នកធំណានោះទេ ហើយប្រជាពលរដ្ឋក៏មិនបានលក់ដីទៅឱ្យលោកជំទាវ និងក្រុមហ៊ុននោះដែរ។

សូមបញ្ជាក់ថា ពាក់ព័ន្ធនិងបញ្ហាទំនាស់ដីស្រែខាងលើដែរប្រជាពលរដ្ឋជាម្ចាស់ស្រែរងនូវការរំលោភបំពានពីសំណាក់ លោកជំទាវ នាង ហៀប និងជាម្ចាស់ក្រុមហ៊ុនខាងលើនេះ លោក ហន ភក្តី អភិបាលរងខេត្តកំពង់ស្ពឺ និងជាអ្នកនាំពាក្យសាលាខេត្តបានឱ្យដឹងថា បញ្ហាខាងលើសាលាខេត្តបានដោះស្រាយរួចរាល់ហើយ៕


Leave a Reply