តាមការចុះផ្សាយរបស់ Yonhap, អតីតរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Kim Yong-hyun ក្រោយប្រកាសច្បាប់អាជ្ញាសឹកពីសំណាក់លោកប្រធានាធិបតី Yoon Suk Yeol កាលពីយប់ថ្ងៃអង្គារ ទី៣ ខែធ្នូ ដែលធ្វើឲ្យប្រទេសធ្លាក់ចូលក្នុងភាពចលាចល ត្រូវបានចាប់ខ្លួនហើយ។

ការចាប់ខ្លួននេះ កើតឡើងស្របពេលសភាកូរ៉េខាងត្បូង បរាជ័យមិនអាចបង្កើតក្រុមប្រឹក្សាស៊ើបអង្កេតលើភរិយាប្រធានាធិបតី និងមិនអាចដកតំណែងលោក Yoon បាន។ លើសពីនេះ ក្រុមប៉ូលិសក៏បានចូលឆែកឆេរការិយាល័យរបស់លោក Kim ផងដែរ ដើម្បីរកព័ស្តុតាងបន្ថែម ដើម្បីធ្វើការចោទប្រកាន់ពីបទក្បត់ជាតិ ប្រឆាំងនឹងរូបលោកនិងមន្ត្រីកំពូលៗផ្សេងទៀត។
សភាមិនអាចដកដំណែងលោក Yoon បានគឺដោយសារសមាជិកសភាគណបក្សកាន់អំណាចមិនបានបោះឆ្នោតគំាទ្រលើសេចក្តីស្នើច្បាប់របស់គណបក្សប្រជាធិបតេយ្យដែលមានសមាជិក១៩២សំឡេង ត្រូវការតែ៨សំឡេងទៀតប៉ុណ្ណោះដើម្បីបង្រ្គប់កូរ៉ុម២ភាគ៣ ដើម្បីដកហូតអំណាចប្រធានាធិបតី។

សូមបញ្ជាក់ថា ពេលនេះសម្ព័ន្ធគណបក្សប្រជាធិបតេយ្យមានសមាជិក១៩២ ដោយត្រូវការតែ៨សំឡេងទៀតប៉ុណ្ណោះពីគណបក្សកាន់អំណាចដែលមាន១០៨សំឡេង។ គណបក្សកាន់អំណាច បានប្តូរជំហរមិនបោះឆ្នោតប្រឆាំងលោក Yoon វិញ ក្រោយប្រធានាធិបតីចេញមុខសុំទោសជាសាធារណៈនៅព្រឹកថ្ងៃសៅរ៍ម្សិលមិញនេះ៕
Leave a Reply