ថ្នាំចាក់ព្យាបាលជំងឺអេដស៍មានលក់ហើយក្នុងតម្លៃថោកដោយក្រុមហ៊ុនឱសថអាមេរិក

ក្រុមហ៊ុនឱសថអាមេរិក Gilead បានប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ Lenacapavir ក្នុងតម្លៃថោកនៅប្រទេសក្រីក្រចំនួន១២០ ក្នុងទ្វីបអាហ្វ្រិក តំបន់អាស៊ីអាគ្នេយ៍ និងការ៉ាប៊ីន ប៉ុន្តែក្រុមហ៊ុនមិនទាន់សម្រេចនៅឡើយថាតើនឹងត្រូវដាក់លក់នៅពេលណាតម្លៃប៉ុន្មានឲ្យប្រាកដ។ ពីមុនធ្លាប់មានអ្នកជំនាញគណនាថា បើផ្អែកលើតម្លៃគ្រឿងផ្សំ និងសង្វាក់ផលិតកម្ម ថ្នាំនេះអាចដាក់លក់ក្នុងតម្លៃត្រឹមតែ ៤០ដុល្លារប៉ុណ្ណោះ សម្រាប់ការប្រើប្រាស់រយៈពេល១ឆ្នាំ។

ការដែលក្រុមហ៊ុនសម្រេចជ្រើសរើសតំបន់ទាំង៣ជាទីផ្សាដាក់លក់ថ្នាំក្នុងតម្លៃសមរម្យ គឺព្រោះតែទីនោះមានអត្រាឆ្លងជំងឺអេដស៍ខ្ពស់ និងសម្បូរប្រទេសក្រីក្រពិបាកទិញថ្នាំថ្លៃៗ។ ថ្នាំមួយឆ្នាំចាក់ពីរដងនេះ បានបង្ហាញប្រសិទ្ធភាព១០០% ប្រឆាំងជំងឺអេសដ៍លើស្រ្តី ហើយទិន្នន័យថ្មីដែលបញ្ចេញកាលពីថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០២៤ បង្ហាញថា ថ្នាំនេះក៏មានប្រសិទ្ធភាពខ្លាំងផងដែរលើបុរស។

តាមពិតទៅថ្នាំ Lenacapavir ត្រូវបានដាក់លក់រួចទៅហើយនៅសហរដ្ឋអាមេរិក អឺរ៉ុប និងកាណាដា ក្រោមឈ្មោះ Sunlenca ដោយមួយឆ្នាំចាក់ពីរម្ជុលត្រូវចំណាយថវិកាអស់ ៤២២៥០ដុល្លារ។ 

ការដាក់លក់ថ្នាំចាក់ព្យាបាលជាមួយអេដស៍ក្នុងតម្លៃដ៏ខ្ពស់កប់ពពកនេះ ក៏មានការរិះគន់ផងដែរ ហើយបើយោងតាមការសិក្សាថ្មីមួយ ដែលលើកឡើងក្នុងសន្និសីទអេដស៍អន្តរជាតិនៅទីក្រុងម៉ូនិច នៃប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤, តាមពិតតម្លៃវ៉ាក់សាំងបង្ការជំងឺអេដស៍ អាចដាក់លក់ថោកជាងមុនដល់ជាង ១ពាន់ដងឯណោះ តែត្រូវក្រុមហ៊ុនផលិតដាក់លក់នៅក្នុងតម្លៃថ្លៃ ដែលធ្វើឲ្យមនុស្សភាគច្រើនពុំមានលទ្ធភាពទទួលយកវ៉ាក់សាំងប្រភេទនេះទៅប្រើប្រាស់៕