ប្រធានាធិបតីកូរ៉េខាងត្បូង ប្រឈមទោសប្រហារជីវិត ពីបទក្បត់ជាតិ ជុំវិញការប៉ុនប៉ងដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក

តាមការចេញផ្សាយរបស់សារព័ត៌មាន Yonhap នាថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤នេះ ប៉ូលិសកូរ៉េខាងត្បូង បានចាប់ផ្តើមការស៉ើបអង្កេតលើ ប្រធានាធិបតី លោក Yoon Suk Yeol ពាក់ព័ន្ធការចោទប្រកាន់ថា រូបលោកបានប្រព្រឹត្តអំពើក្បត់ជាតិ តាមរយៈការប្រកាសដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក។

ការស៉ើបអង្កេតធ្វើឡើង ក្រោយប៉ូលិសកូរ៉េខាងត្បូង ទទួលបានពាក្យបណ្តឹងពីគណបក្សប្រឆាំង Rebuilding Korea Party និងក្រុមសកម្មជនចំនួន៥៩នាក់។ ពាក្យបណ្តឹងនោះ មិនត្រឹមចោទប្រកាន់ លោក Yoon ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចោទ អតីតរដ្ឋមន្រ្តីការពារជាតិ លោក Kim Yong-hyun, ប្រមុខកងទ័ព លោក Park An-su និងរដ្ឋមន្រ្តីមហាផ្ទៃ លោក Lee Sang-min ពីបទក្បត់ជាតិ ក៏ដូចជាពីបទចោទប្រកាន់ដទៃទៀត សម្រាប់ការជាប់ពាក់ព័ន្ធរបស់ពួកគេ ក្នុងការប្រកាសច្បាប់អាជ្ញាសឹក។ រីឯខាង ការិយាល័យរដ្ឋអាជ្ញា និងការិយាល័យស៉ើបអង្កេតអំពើពុករលួយលើមន្រ្តីជាន់ខ្ពស់ ក៏បានទទួលពាក្យបណ្តឹងចោទប្រកាន់ លោក Yoon និងមន្រ្តីរបស់លោកពីបទក្បត់ជាតិផងដែរ។

សូមជម្រាបជូនថា លោក Yoon កាលពីរាត្រីថ្ងៃអង្គារ គាត់បានបង្កការភ្ញាក់ផ្អើល ដោយប្រកាសច្បាប់អាជ្ញាសឹកយ៉ាងបន្ទាន់ជាទីបំផុត ដោយអះអាងថា នេះជារឿងចាំបាច់ក្នុងការការពារប្រទេសពីក្រុមបក្សពួកកូរ៉េខាងជើង និងកម្លាំងប្រឆាំងរដ្ឋ។ ការធ្វើបែបនេះ គឺដើម្បីដកកងកម្លាំងគាំទ្រកូរ៉េខាងជើងចេញពីប្រទេស និងដើម្បីការពារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញសេរី។ ប៉ុន្តែច្បាប់នោះមានដាក់បានត្រឹម២ម៉ោងប៉ុណ្ណោះ រួចក៏ដកចេញវិញ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ គណបក្សប្រឆាំងចំនួន៦ បាននាំគ្នាដាក់សំណើ ទៅកាន់សភា ដើម្បីដំណើរការនីតិវិធីចោទប្រកាន់ដកតំណែងលោក Yoon។ សំណើនោះ បានអះអាងថា លោក Yoon បានបំពានរដ្ឋធម្មនុញ្ញ និងច្បាប់របស់ប្រទេស ហើយចោទប្រកាន់ថាលោកបានព្យាយាមដាក់ចេញច្បាប់អាជ្ញាសឹក ដើម្បីគេចវេះពីការស៉ើបអង្កេត លើសកម្មភាពខុសច្បាប់ផ្សេងៗ ដែលពាក់ព័ន្ធជាមួយលោក និងគ្រួសាររបស់លោក។

គណបក្សកាន់អំណាចបាននិយាយថា សមាជិកសភាទាំងអស់របស់ខ្លួន នឹងបោះឆ្នោតជំទាស់លើ សំណើរបស់ក្រុមបក្សប្រឆាំង ប៉ុន្តែមេដឹកនាំបក្សកាន់អំណាច បានស្នើឱ្យលោក Yoon ចាកចេញពីបក្ស។ សភានិងបោះឆ្នោតលើសំណើដែលចោទប្រកាន់ដកតំណែង លោក Yoon នៅយប់ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ៕