វៀតណាមធ្វើសមយុទ្ធស្លាប់ទាហាន១២នាក់

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន VN Express នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូឆ្នាំ២០២៤នេះ ទាហានវៀតណាមចំនួន១២នាក់ បានបាត់បង់ជីវិតក្នុងអំឡុងពេលធ្វើសមយុទ្ធទាំងអាកាសធាតុមិនអំណោយផល នៅទីលានបាញ់កាំភ្លើងខេត្ត Dong Nai។

ហេតុការណ៍នេះកើតឡើងនៅពេលក្រុមទាហានកំពុងយកគ្រាប់ទៅទីលានបាញ់ ប៉ុន្តែដោយសារមេឃភ្លៀង និងមានរន្ទះបាញ់ផងនោះពួកគេក៏ឈប់សិន ស្រាប់តែមួយរំពេចក្រោយមកក៏មានការផ្ទុះយ៉ាងខ្លាំងតែម្តង។ តាមការស៊ើបអង្កេតបានឲ្យដឹងថាមូលហេតុនៃការផ្ទុះ គឺដោយសារតែរន្ទះបាញ់ចំគ្រាប់។

សូមបញ្ជាក់ថា សមយុទ្ធនេះជាសកម្មភាពហ្វឹកហ្វឺនទ្រង់ទ្រាយធំ ដែលមានគោលបំណងបង្កើនភាពជាអ្នកដឹកនាំ បញ្ជាការ និងសមត្ថភាពសម្របសម្រួលប្រតិបត្តិការគ្រប់កម្រិត ដើម្បីបង្កើនការត្រៀមលក្ខណៈ កម្លាំង និងសមត្ថភាពប្រយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធក្នុងតំបន់យោធា៕