ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា សេវាកម្មទូកល្បឿនលឿនភ្នំពេញ-សៀមរាប (Cambodia River Express)បានលេចវត្តមានជាថ្មីហើយនៅលើផ្ទៃទន្លេ ។

ជាមួយនឹងការលេចវត្តមាននេះ ក្រសួងនឹងអញ្ជើញម្ចាស់ក្រុមហ៊ុនផ្តល់សេវាកម្មទូកល្បឿនលឿនភ្នំពេញ-សៀមរាប មកស្នើសុំបន្តសុពលភាពលិខិតអនុញ្ញាតនាវា ។
យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាថ្ងៃ៥ ធ្នូនេះ បានឱ្យដឹងថា ប៉ុន្មានថ្ងៃមកនេះ បានឃើញពីការចែកចាយរូបភាព និងចុះផ្សាយពីសេវាកម្មទូកល្បឿនលឿនភ្នំពេញ-សៀមរាប (Cambodia River Express)។ ករណីនេះ អ្នកនាំពាក្យ បញ្ជាក់ថា កាលពីច្រើនឆ្នាំមុនពេលសេវាកម្មដឹកជញ្ជូនផ្លូវគោក និងផ្លូវអាកាសនៅមានការលំបាក និងមិនសូវទំនើប តែងឃើញទូកល្បឿនល្បឿនភ្នំពេញ-សៀមរាប និងសៀមរាប-ភ្នំពេញ មានសកម្មភាពសេវាកម្មយ៉ាងមមារញឹក។ ប៉ុន្តែក្នុងអំឡុងក្រោយៗមកទៀត ក៏ស្ងាត់បាត់វត្តមានមួយរយៈធំ បន្ទាប់ពីមានការរីកចម្រើនដ៏ខ្លាំង នូវការដឹកជញ្ជូនតាមផ្លូវគោក ជាពិសេសបន្ទាប់ពីផ្លូវជាតិលេខ៦ បានសាងសង់រួចរាល់ ហើយការដឹកជញ្ជូនតាមផ្លូវអាកាសក៏កាន់តែទំនើប ងាយស្រួល រហ័ស តម្លៃសមរម្យ បូករួមនឹងកត្តាបញ្ហាហិរញ្ញវត្ថុក្រុមហ៊ុនអាជីវកម្ម។
ចំពោះការលេចវត្តមានសេវាកម្មទូកល្បឿនលឿនភ្នំពេញ-សៀមរាបនេះ លោកផន រឹម សង្កត់ធ្ងន់ថា ក្រសួងចាត់ទុកជាបច្ច័យដ៏ល្អ និងបានផ្តល់នូវជម្រើសកាន់តែសំបូរបែបដល់អ្នកដំណើរ ជាពិសេសភ្ញៀវទេសចរ ដែលនិយមធ្វើដំណើរតាមផ្លូវទឹក គយគន់ទេសភាពបឹងទន្លេសាប ព្រៃលិចទឹក សត្វស្លាប និងទស្សនាភូមិឋានអ្នកភូមិរស់នៅលើផ្ទៃទឹកជាដើម។
អ្នកនាំពាក្យអះអាងថា ទន្ទឹមនឹងនោះ នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ នឹងសហការដោយអញ្ជើញម្ចាស់ក្រុមហ៊ុនមកស្នើសុំបន្តសុពលភាពលិខិតអនុញ្ញាតនាវា ព្រមទាំងចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន ដើម្បីធានាសុវត្ថិភាពដល់អ្នកដំណើរ។
លោកបន្ថែមថា ជារួម ក្រសួងសាធារណការ តែងគាំទ្រសេវាកម្មដឹកអ្នកដំណើរតាមផ្លូវទឹក និងជំរុញឱ្យមានសេវាកម្មនេះឡើងវិញ ដើម្បីជំរុញវិស័យទេសចរណ៍ និងផ្តល់ជម្រើសកាន់តែសំបូរបែបដល់អ្នកដំណើរ៕








































Leave a Reply