សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលបានទិញបុរី ឡេង ណាវ៉ាត្រា គម្រោង 6A រដ្ឋបានដោះស្រាយជូនដោយឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញប័ណ្ណកម្មសិទ្ធិអចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋដែលបានបង់ប្រាក់គ្រប់ចំនួន ១០០%។

សម្តេចធិបតីបន្តថា ក្រោមគោលនយោបាយឈ្នះ ឈ្នះ និងតម្កល់ផលប្រយោជន៍រួមទាំងអតិថិជន និងអ្នកវិនិយោគិន ដែលជាប្រជាជនកម្ពុជាដូចគ្នា បានជួបបញ្ហានៃការវិនិយោគលើវិស័យអចលនទ្រព្យកន្លងទៅ រាជរដ្ឋាភិបាលបានខិតខំរកដំណោះស្រាយ ដោយផ្តល់ឱកាសឱ្យអ្នកវិនិយោគអាចបន្តរស់រាន និងដំណើរការការសាងសង់ផ្ទះជូនអតិថិជន ហើយអតិថិជនក៏អាចទទួលបានផលដែលខ្លួនបានចំណាយ និងរំពឹងទុក។

ប្រសាសន៍សម្ដេចធិបតី ពិតណាស់ថាអាចមានការយឺតបន្តិច តែរាជរដ្ឋាភិបាលប្រកាន់ខ្ជាប់គោលជំហរច្បាស់លាស់ និងខិតខំរកមធ្យោបាយ ការសម្របសម្រួល និងអនុគ្រោះផ្សេងៗ ដើម្បីស្រោចស្រង់ និងលើកកម្ពស់វិស័យអចលនទ្រព្យឱ្យល្អប្រសើរឡើងវិញ៕

Leave a Reply