រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការលើកលែងទិដ្ឋាការសាកល្បង សម្រាប់ពលរដ្ឋចិន ធ្វើដំណើរពីប្រទេសចិន ដោយផ្តល់រយៈពេលស្នាក់នៅចំនួន ១៤ថ្ងៃ ក្នុងអំឡុងពេល ៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃ ដោយគ្រាន់តែបំពេញ E-arrival card ប៉ុណ្ណោះ។ 

យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២ ធ្នូ បានឲ្យដឹងថា រាជរដ្ឋាភិបាល ឯកភាពជាគោលការណ៍ ដូចខាងក្រោម៖

១- ផ្តល់ការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន ធ្វើដំណើរពីប្រទេសចិន ដោយផ្តល់ រយៈពេលស្នាក់នៅចំនួន ១៤ថ្ងៃ ក្នុងអំឡុងពេល ៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃ ដោយគ្រាន់តែ បំពេញ E-arrival card។ ក្នុងអំឡុងពេលសុពលភាពនៃការអនុវត្ត ភ្ញៀវចិនអាចអញ្ជើញមក កម្ពុជាប៉ុន្មានលើកក៏បាន។

២- អនុញ្ញាតឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដាក់ស្មើនឹងចរចាជាមួយភាគី រដ្ឋាភិបាលចិនឱ្យបន្ធូរបន្ថយ និងសម្រួលនីតិវិធីនៃការស្នើសុំទិដ្ឋាការដល់ទេសចរខ្មែរ ទៅ ប្រទេសចិន ដើម្បីឈានដល់ការអនុវត្តការលើកលែងទិដ្ឋាការបដិការតែម្តង នាពេលអនាគត៕