ពលរដ្ឋពិការជើង ២រូប ទទួលបានរទេះរុញថ្មី ២គ្រឿង ពី ឯកឧត្ដមបណ្ឌិត ងិន បាណាល់ 

ព្រៃវែង ៖ ពលរដ្ឋចំនួន ២រូប មានឈ្មោះ បុង យិន ភេទស្រី អាយុ ៦៧ឆ្នាំ និងឈ្មោះ ឡឹក សាវ័ន្ត អាយុ ៤៣ឆ្នាំ ជាជនពិការជើង ដោយប្រើរទេះរុញជាមធ្យោបាយធ្វើដំណើរ បច្ចុប្បន្នរស់នៅក្នុងឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ទទួលបានរទេះរុញថ្មីចំនួន ២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកបាភ្នំ។ 

សូមរម្លឹកជូនជូនថា ក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រៃវែង ក្នុងពិធីចែកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួន សុភី ដល់ពលរដ្ឋចំនួន ៣០០ គ្រួសារ ក្នុងឃុំជើងភ្នំ ស្រុកបាភ្នំ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ឯកឧត្តមបណ្ឌិត ងិន បាណាល់ បានពិនិត្យឃើញថា របស់រុញរបស់ពលរដ្ឋចំនួន២រូបខាងលើ មានលក្ខណៈចាស់ទ្រុតទ្រោម មិនដំណើរការល្អ និងមិនមានសុវត្ថភាពសម្រាប់ធ្វើដំណើរ ហេតុដូច្នេះ ឯកឧត្តមបណ្ឌិត បានប្រកាសផ្តល់ជូនរទេះរុញថ្មីចំនួន ២គ្រឿងដល់អ្នកមីង និងបងប្រុស។ 

តាមការសន្យា នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នេះ លោក គន្ធ ពន្លក តំណាងរបស់ឯកឧត្តមបណ្ឌិត ងិន បាណាល់ បាននាំយកនូវរទេះរុញថ្មីចំនួន ២គ្រឿង ប្រគល់ជូនអ្នកមីង និងបងប្រុស ដល់គេងដ្ឋាន ស្ថិតនៅភូមិស្វាយសាមសិប ឃុំជើងភ្នំ ស្រុកបាភ្មំ ខេត្តព្រៃវែង។ 

លោកស្រី បុង យិន និងលោក ឡឹក សាវ័ន្ត បានសម្តែងនូវសេចក្តីត្រេកអរយ៉ាងខ្លាំងដោយទទួលបានរទេះរុញថ្មីនេះ ហើយបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាភ្នំ និងគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សតែមួយគត់ដែលហ៊ានថា ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ និងតែងតែនៅក្បែរកៀកកិតប្រជាពលរដ្ឋ យល់សុខទុក្ខពិតប្រាកដរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ៕