កាលពីយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ គណៈបញ្ជាឯកភាពខណ្ឌពោធិ៍សែនជ័យបានធ្វើការចុះបង្ក្រាបទីតាំងល្បែងស៊ីសងបាញ់ត្រីខុសច្បាប់មួយកន្លែងជ្រកក្រោមស្លាកយីហោក្លឹបប៊ីយា នៅចំណុចអគារផ្សារក្នុងបុរី ញ៉ូថោន ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក ផុន សុផាត អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានប្រាប់សារព័ត៌មានរាជសីហ៍ញូវស៍ថាមុនឈានដល់ការចុះបង្ក្រាបនេះគឺយើងទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថាទីតាំងយីហោ ធីវី បុកប៊ីយា មានលួចលាក់បង្កប់ល្បែងស៊ីសងប្រភេទទូហ្គេមបាញ់ត្រី។ ក្រោយទទួលបានព័ត៌មាននេះភ្លាមលោកអភិបាលខណ្ឌពោធិ៍សែនជ័យបានបញ្ជាឲ្យរូបលោកដឹកនាំកម្លាំងចុះបង្ក្រាបដល់ទីតាំងជាក់ស្ដែងតែម្ដង។

ក្រោយប្រតិបត្តិការបង្ក្រាប កម្លាំងជំនាញបានដកហូតវត្ថុតាងរួមមានទូហ្គេមបាញ់ត្រីចំនួន៣ និងទូហ្គេមតុក្តតាចំនួន២ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។ ដោយឡែកម្ចាស់ទីតាំងហាក់បីដូចជាដឹងខ្លួនមុនបានរត់គេចខ្លួនបាត់៕


Leave a Reply