ពុលស្លាប់៣នាក់ និងកំពុងសង្រ្គោះបន្ទាន់ជាង៣០នាក់ ក្រោយបរិភោគអណ្ដើកសមុទ្រ


យោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ នៅប្រទេសហ្វីលីពីនមានមនុស្ស៣នាក់បានស្លាប់ និង៣២នាក់ទៀតបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្រោយបរិភោគអណ្ដើកសមុទ្រស្ងោរ។

ប្រភពដដែលបានអោយដឹងថា ជនជាតិដើមភាគតិច Teduray រាប់សិបនាក់មានរោគសញ្ញាដូចជា រាគ ក្អួត និងចុកពោះ ក្រោយបរិភោគម្ហូបអណ្ដើកសមុទ្រកាលពីជាង១សប្តាហ៍មុន នៅខេត្ត Maguindanao del Norte។ សូម្បីតែសត្វឆ្កែ ឆ្មា និងមាន់មួយចំនួនដែលស៊ីសំណល់អណ្តើកសមុទ្រនោះក៏ពុលងាប់ដែរ។

គួរឱ្យដឹងផងដែរថា ការបរិភោគ នេសាទ និងសម្លាប់សត្វអណ្ដើកសមុទ្រនៅប្រទេសហ្វីលីពីនក៏ត្រូវបានច្បាប់បានហាមឃាត់ និងមានទោសផងដែរ។ ប៉ុន្តែច្បាប់ហាក់បីដូចជាមិនអាចអនុវត្តន៍បានចំពោះជនជាតិដើមភាគតិចមួយចំនួនដែលមានប្រពៃណីបរិភោគសត្វអណ្ដើកសមុទ្រក្នុងន័យធ្វើជាថ្នាំ។

សូមបញ្ជាក់ថា ករណីស្រដៀងគ្នានេះក៏បានកើតឡើងម្ដងមកហើយក្នុងឆ្នាំ២០១៣ ដោយកាលនោះមានមនុស្សចំនួន៦៨នាក់បានពុល និង៤នាក់បានស្លាប់នៅក្នុងខេត្ត Samar ភាគខាងកើតនៃប្រទេសហ្វីលីពីន បន្ទាប់ពីបានញាំសាច់អណ្តើកសមុទ្រ៕