សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទស្សនាសហគមទេសចរណ៍ធម្មជាតិកំពង់ភ្លុក និងបានដោះស្រាយសំណូមពរមួយចំនួនជូនប្រជាពលរដ្ឋ


នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ តាមរយៈបណ្ដាញសង្គម សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា បន្ទាប់ពីបានចូលរួមកម្មវិធីរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ សម្ដេច បានឆ្លៀតឱកាសចុះមកពិនិត្យស្ថានភាព និងទស្សនាសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ព្រមទាំងបានដោះស្រាយសំណូមពរមួយចំនួនជូនប្រជាពលរដ្ឋ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ជាមួយគ្នានេះ បន្ទាប់ពីបានទស្សនកិច្ច និងជួបសំណេះសំណាលផ្ទាល់ជាមួយសហគមន៍ ពិសេសអ្នកប្រកបរបរជាអ្នកបើកបរកាណូត និងអុំទូកបម្រើសេវាជូនអ្នកទេសចរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលបាននូវសំណូមពរមួយចំនួន ហើយសម្រេចផ្តល់ជាដំណោះស្រាយជូន ដូចជា៖  ១. កសាងផ្លូវកៅស៊ូ ៨គីឡូម៉ែត្រ លើផ្លូវក្រាលគ្រួសក្រហមដែលមានស្រាប់ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងកាត់បន្ថយការហុយ។ ២. កសាងបញ្ជរលក់សំបុត្រថ្មីរបស់សហគមន៍ ដែលនឹងជួយឱ្យសហគមន៍មិនចាំបាច់ជួលដី ដើម្បីលក់សំបុត្រដូចបច្ចុប្បន្ន។ ៣. ផ្តល់បន្ថែមនូវធុងសំរាមក្នុងសហគមន៍ ដើម្បីថែរក្សាអនាម័យ និងបរិស្ថាន នៅក្នុងតំបន់។

សម្ដេចអធិបតី បានកោតសរសើរចំពោះប្រជាពលរដ្ឋនៅកំពង់ភ្លុក ដែលបានរួមគ្នាចងក្រងជាសហគមន៍ ដើម្បីផ្តល់ជូននូវសេវាកម្មយ៉ាងល្អជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រកបដោយស្នាមញញឹមនិងសប្បាយរីករាយ ជាពិសេសក៏រួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ និងបង្កើតផលិតផលទេសចរណ៍បន្ថែមនៅក្នុងខេត្តសៀមរាប។

គួរឲ្យដឹងផងដែរថា សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ជាទីកន្លែងផ្តល់នូវទស្សនីយភាពបែបធម្មជាតិ នៃការរស់នៅរបស់បងប្អូនប្រជាជនខ្មែរតាមបែបបទអ្នកទន្លេ និងសម្រស់ធម្មជាតិសម្បូរបែបរបស់បឹងទន្លេសាប៕