សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ១១នាក់ ពាក់ព័ន្ធករណីលួច និងឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ


ជនសង្ស័យចំនួន១១នាក់ ដែលតែងតែធ្វើសកម្មភាពលួច និងឆក់យ៉ាងសកម្មក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌចំការមនបង្ក្រាប និងឃាត់ខ្លួន។

ក្រុមជនសង្ស័យខាងលើ ត្រូវបានបង្ក្រាបនៅទីតាំងផ្សេងគ្នាជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ មក ហើយត្រូវបានសមត្ថកិច្ចបង្ហាញមុខក្រុមទាំងនេះ នៅថ្ងៃទី ០១ ខែធ្នូនេះ ពាក់ព័ន្ធធ្វើសកម្មភាពលួចទ្រព្យសម្បត្តិអ្នកដទៃដូចជា លួចម៉ូតូ និងឆក់ទូរសព្ទជាដើម។

សូមបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យទាំង ១១នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕