យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មនុស្សយ៉ាងតិច៦នាក់បានស្លាប់ដោយសារទឹកជំនន់រហ័សបង្កមកពីភ្លៀងធ្លាក់ខ្លាំង និងបាក់ស្រុតដីនៅក្នុងប្រទេសស្រីលង្កា ខណៈមនុស្ស៩នាក់បានរងរបួស និង៦នាក់ទៀតកំពុងបាត់ខ្លួន។

ប្រទេសស្រីលង្ការងគ្រោះដោយភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំងក្នុងរយៈពេលពីរថ្ងៃកន្លងមកហើយ ដែលបានជន់លិចផ្ទះ វាលស្រែ និងផ្លូវថ្នល់ ហើយបង្ខំឱ្យអាជ្ញាធរផ្អាកសេវាកម្មរថភ្លើងនៅតំបន់ភ្នំដែលដាំតែ។

យោងតាមអគ្គនាយក DMC Udaya Herath បានឲ្យដឹងថា ទឹកជំនន់បានប៉ះពាល់ដល់មនុស្ស ២៣០៧៤៣នាក់ ហើយគិតត្រឹមថ្ងៃពុធ មនុស្សជាង ៥០០០នាក់ ត្រូវបានជម្លៀសចេញ ផ្ទះជិត ៨០០ខ្នងត្រូវបានខូចខាត ដែលជុំរុញឲ្យមានការបង្កើតជំរំសង្គ្រោះរហូតដល់ទៅសរុបចំនួន ១៦៥។

បើយោងតាមនាយកដ្ឋានឧតុនិយមបានព្យាករណ៍ថា អាកាសធាតុធ្ងន់ធ្ងរទៅជាខ្យល់ព្យុះខ្លាំងនៅឈូងសមុទ្រ Bengal ដែលទំនងជានឹងផ្លាស់ទីទៅជិតប្រទេសស្រីលង្កា ហើយកាន់តែខ្លាំងទៅជាព្យុះស៊ីក្លូននៅថ្ងៃព្រហស្បតិ៍នេះទៀត។
គួរបញ្ជាក់ថាប្រទេសស្រីលង្កា បាននឹងកំពុងប្រឈមមុខនឹងអាកាសធាតុធ្ងន់ធ្ងរចាប់តាំងពីខែឧសភា ដែលភាគច្រើនបណ្តាលមកពីភ្លៀងមូសុងខ្លាំង។ កាលពីខែមិថុនា មានមនុស្ស ១៦ នាក់បានស្លាប់ដោយសារទឹកជំនន់ និងបាក់ស្រុតដី៕
Leave a Reply