យោងតាមការចេញផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្តេញជនជាតិវៀតណាមចំនួន ២១នាក់ (ស្រី ៤នាក់) បន្ថែមទៀត ចេញពីប្រទេសកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។

ការសម្រេចបណ្ដេញជនជាតិវៀតណាមចេញពីប្រទេសនេះ ត្រូវបានធ្វើឡើង ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្របតាមនីតិវិធីច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ជូនថា ក្នុងរយៈពេល ២០ថ្ងៃ នៃខែវិច្ឆិកា ឆ្នាំ២០២៤នេះ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានបណ្ដេញចេញជនជាតិវៀតណាមសរុបចំនួន ៧២នាក់ចេញពីប្រទេសកម្ពុជា ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងការនេសាទដោយប្រើប្រាស់ឧបករណ៍ឆក់ដោយខុសច្បាប់៕
Leave a Reply