គ្រោះរញ្ជួយដី ៦.៤ វុិចទ័រ បានកើតឡើងសារជាថ្មីនៅតំបន់Noto ប្រទេសជប៉ុន ម្សិលមិញនេះ

ទីភ្នាក់ងារឧតុនិយមជប៉ុន បានឱ្យដឹងថា គ្រោះរញ្ជួយដីកាលពីល្ងាចមិញមានកម្រិត ៦.៤រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងលិចនៃតំបន់ឧបទ្វីប Noto របស់ប្រទេសជប៉ុនក្នុងជម្រៅ១០គីឡូម៉ែត្រ។

គ្រោះរញ្ជួយដីដ៏ខ្លាំងនេះបានវាយប្រហារប្រទេសជប៉ុនកាលពីល្ងាចថ្ងៃអង្គារនៅតំបន់ភាគខាងជើង និងភាគកណ្តាលនៃប្រទេសជប៉ុន តំបន់Noto ដែលហេតុការណ៍នេះបានកម្រើកឡើងជាថ្មីក្រោយគ្រោះរញ្ជួយដីចាស់ដ៏សាហាវកើតឡើងនៅដើមឆ្នាំ២០២៤។ 

ទីភ្នាក់ងារឧតុនិយមជប៉ុននេះបន្តឱ្យដឹងថាមិនមានគ្រោះថ្នាក់ដោយសាររលកយក្សស៊ូណាមិទេ ប៉ុន្តែគ្រោះរញ្ជួយដីនេះដំបូងវាមកជាមួយនឹងកម្រិត ៦.១រ៉ិចទ័រ ក៏ជាកម្រិខ្ពស់ដែរ។ មិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីមនុស្សរបួសឬការខូចខាតនោះទេ។

ចំណែកឯរោងចក្រថាមពលនុយក្លេអ៊ែរ នៅចុងភាគខាងជើងនៃឧបទ្វីប Noto ស្ថានភាពរ៉េអាក់ទ័រពីរដែលទុកចោលនៅរោងចក្រថាមពលនុយក្លេអ៊ែរ Shika គឺបានរងការខូចខាតបន្តិចបន្តួច ប៉ុន្តែមិនមានការលេចធ្លាយវិទ្យុសកម្មឡើយ។ ទោះបីជាយ៉ាងនេះជប៉ុននៅតែមានក្តីព្រួយបារម្ភឡើងវិញអំពីសុវត្ថិភាពនុយក្លេអ៊ែរ និងការឆ្លើយតបជាបន្ទាន់នៅក្នុងតំបន់រងគ្រោះដដែលៗនេះ។

សូមរំលឹកថាកាលពីដើមឆ្នាំ២០២៤ ជប៉ុនក៏ទទួលរងនូវគ្រោះរញ្ជួយដីកម្រិត៧.៦រ៉ិចទ័រដែលបានវាយប្រហារតំបន់ Noto ដដែលនេះដែរ កាលពីថ្ងៃទី១ខែមករា ដោយបានសម្លាប់មនុស្សជាង៣៧០នាក់ និងបំផ្លាញផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើនទៀត៕