តខ្សែភ្លើងឆក់ត្រី!! ភ្លាត់ស្នៀតឆក់បែរជាស្លាប់ខ្លួនឯង

ស្វាយរៀង៖ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ស្ត្រីម្នាក់ដឹកគោយកទៅចងក្រោយផ្ទះ ឃើញត្រីក្នុងថ្លុក មិនព្រមបាចទឹកចាប់ត្រី បែរជាបែកគំនិតតខ្សែភ្លើងយកទៅឆក់ តែភ្លាត់ស្នៀតទាក់ជើងប៉ះចំមុខតំណរ ឆក់ស្លាប់ខ្លួនឯង ស្ថិតនៅក្នុងភូមិឃោសាង សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

សូមបញ្ជាក់ថាស្ត្រីរងគ្រោះមានឈ្មោះ សួន សារ៉ាត់អាយុ៣៩ឆ្នាំ មុខរបរកម្មករអនាម័យ មានប្តីឈ្មោះ អ៊ុន សារឿន អាយុ៤២ឆ្នាំ មុខរបរកម្មកររោងចក្រ មានកូនស្រី២នាក់ រស់នៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

តាមប្រភពពីអ្នកភូមិជិតខាងបានប្រាប់សារព័ត៌មានរាជសីហ៍ថា មុនពេលកើតហេតុឃើញ ជនរងគ្រោះរវល់ធ្វើការងារផ្ទះមិនបានទៅធ្វើការនោះទេ ហើយនៅវេលាម៉ោងម៉ោង១០និង៣០នាទីព្រឹក ដឹកគោយកទៅចងវាលក្រោយផ្ទះ ប្រទះឃើញមានត្រីនៅក្នុងថ្លុក មិនព្រមបាចទឹកចុះចាប់ត្រី បែរជាបែកគំនិតតខ្សែភ្លើងយកទៅឆក់ត្រីនោះ ភ្លាត់ស្នៀតទាក់ជើងចំមុខតំណរ បណ្តាលឱ្យឆក់ស្លាប់ខ្លួនឯង បង្កឱ្យផ្អើឆោឡោសាច់ញាតិ អ្នកភូមិ មិនអស់ចិត្តដឹកបញ្ជូនទៅមន្ទីរពេទ្យ តែជនរងគ្រោះបានស្លាប់តាំងពីនៅកន្លែងកើតហេតុ ទើបដឹកសពត្រឡប់មកផ្ទះវិញ រាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យធ្វើកោសល្យវិច័យ។

គួររំលឹកថា ការប្រើប្រាស់ឧបករណ៍ឆក់ត្រី ខុសទាំងច្បាប់ ព្រមទាំងមានហានិភ័យខ្ពស់អាចបាត់បង់ជីវិតដូចករណីស្ត្រីរងគ្រោះកើតហេតុខាងលើ៕